(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងការបរទេស បានឱ្យដឹងថា អំឡុងពេលកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ជាពិសេសចំពោះការអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ ដែលដឹកនាំដោយ ឯកឧត្តម វ៉ាង យី ផ្ទាល់។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ៕







