កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន


(ជប៉ុន)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ជំនួបរវាងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម SHIMADA Tomoaki អនុរដ្ឋមន្ត្រី ការបរទេសជប៉ុន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅក្រសួងការបរទេសជប៉ុន ក្នុងទីក្រុងតូក្យូ។

ថ្លែងក្នុងជំនួប ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន ដែលបានបន្តពង្រឹងលើគ្រប់វិស័យចាប់តាំងពីការតម្លើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០២៣។

ឯកឧត្តម បានគូសបញ្ជាក់ពីវឌ្ឍនភាពជា បន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគី រួមទាំងក្នុងការផ្លាស់ប្តូរកម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ សកម្មភាពមីន និងជំនួយមនុស្សធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានវាយតម្លៃខ្ពស់សម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ជប៉ុនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការ កញ្ចប់សហបង្កើត សេដ្ឋកិច្ច ជប៉ុន-កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៥ ដែលជាក្របខ័ណ្ឌសំខាន់មួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការប្រែក្លាយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងកញ្ចប់សហបង្កើតសេដ្ឋកិច្ច ឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនកម្ពុជា និងជប៉ុន។

ភាគីទាំងពីរបានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងន័យនេះ ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងកិច្ចសហការក្នុងតំបន់៕