អភិបាលខេត្តតាកែវ ណែនាំសមត្ថកិច្ចទប់ស្កាត់ការលក់ឆ្នោតវៀតណាម និងការលេងល្បែងជល់មានតាមអនឡាញ


(តាកែវ)៖ អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង បានណែនាំសមតក្ថកិច្ច ជាពិសេសសមត្ថកិច្ចនៅច្រកទ្វារតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានចំពោះការយកឆ្នោតវៀតណាម មកលក់នៅក្នុងខេត្តតាកែវ ហើយសមត្ថកិច្ចក៏ត្រូវទប់ស្កាត់ផងដែរ ចំពោះការល្បែងជល់មាន់តាមអនឡាញ។​

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្តតាកែវ បានលើកឡើងថា កន្លងមកគេឃើញមានការដើរលក់ឆ្នោតវៀតណាម នៅក្នុងក្រុងដូនកែវ ជាពិសេសរហូតមានទៅដល់ការដើរលក់នៅតាមមន្ទីរស្ថាប័នរបស់រដ្ឋថែមទៀតផង។

ឯកឧត្តម បន្តថា «បញ្ហានេះសមត្ថកិច្ចពាក់ព័ន្ធមិនត្រូវបណ្ដែតបណ្ដោយឲ្យមានតទៅទៀតនោះទេ គឺត្រូវតែទប់ស្កាត់ ក្នុងនោះសមត្ថកិច្ចដែលប្រចាំការនៅតាមច្រកទ្វារបណ្ដោយព្រំដែនត្រូវពិនិត្យឲ្យបានហ្មត់ចត់ កុំឲ្យមានការនាំយក ឆ្នោតវៀតណាមកលក់នៅក្នុងខេត្តតាកែវតទៅទៀត»

ក្រៅពីឆ្នោតវៀតណាម ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានណែនាំឲ្យសមតក្ថកិច្ចត្រូវទប់ស្កាត់ការលេងល្បែងកន្ទុយលេខ និងការលេងល្បែងជល់មាន់តាមអនឡាញ ដោយល្បែងទាំងអស់នេះតែងតែបង្កប់ នៅតាមហាងការហ្វេមួយចំនួន ហើយក៏ត្រូវចុះពិនិត្យតាមការស៊ីណូមួយចំនួនផងដែរ បើទោះបីជាការស៊ូនោះមានអាជ្ញាប័ណ្ណក៏ដោយ ចៀសវាងមានការលេងល្បែងខុសច្បាប់ដែលរដ្ឋបានចេញឲ្យកាស៊ីណូទាំងអស់នោះ៕