ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំ ស្រុកស្រីសន្ធរ ធ្វើការសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យធ្វើការអភិវឌ្ឍន៍តំបន់ទីទួលបាសាន ស្ថិតក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ទៅជាតំបន់រមនីយដ្ឋានទេសចរណ៍សហគមន៍។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា នៅអំឡុងឆ្នាំ២០១៩ ខណៈដែលលោកទើបតែអញ្ជើញមកកាន់តួនាទីជាអភិបាលខេត្ត លោកធ្លាប់បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងនេះដោយផ្ទាល់ និងបានចាត់ឲ្យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ សហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការអភិរក្សតំបន់ប្រវត្តិសាស្ត្រនេះឡើងវិញ ប៉ុន្តែមិនទាន់មានគម្រោងពង្រីកឲ្យក្លាយទីជាតំបន់ រមនីយដ្ឋានទេសចរណ៍សហគមន៍នៅឡើយទេ។
ទីទួលបាសាន (ប្រាសាទទួលព្រះធាតុ) គឺជាទីតាំងប្រវត្តិសាស្ត្រសំខាន់មួយតាមឯកសារប្រវត្តិសាស្ត្រ និងប្រភពស្រាវជ្រាវមួយចំនួន បានបញ្ជាក់ថា ទួលបាសាន ធ្លាប់ជារាជធានីរបស់ខ្មែរក្នុងសម័យក្រោយអង្គរ (ចុងសតវត្សទី១៤ ដើមសតវត្សទី១៥) មុនពេលរាជធានីផ្លាស់ទៅចតុម្មុខ (រាជធានីភ្នំពេញសព្វថ្ងៃ)។
នៅតំបន់នេះ មានសំណល់ប្រាសាទបុរាណមួយដែលប្រជាពលរដ្ឋហៅថា ប្រាសាទទួលព្រះធាតុ ឬទួលបាសាន។ បច្ចុប្បន្ននៅទីនោះមានវត្ត និងសំណង់ពុទ្ធសាសនាស្ថិតនៅលើទីទួលបុរាណ ដែលជាសញ្ញាបង្ហាញថាទីតាំងនេះធ្លាប់ជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយ។
លើសពីនេះ ចំណុចគួរឱ្យចាប់អារម្មណ៍ ជាទីតាំងរាជធានីបុរាណក្រោយការចាកចេញពីអង្គរ បច្ចុប្បន្នមានសំណល់ប្រាសាទ និងទួលបុរាណជាច្រើនផងដែរ។ ទីទួលបាសាន ជាអតីតរាជធានីនៃអាណាចក្រខ្មែរ ដែលបានកសាងឡើងដោយព្រះបាទពញាយ៉ាត នៅអំឡុងសតវត្សទី១៥ បន្ទាបពីព្រះអង្គបានបណ្តេញទ័ពសៀមឈ្លានពានចេញពីរាជធានីអង្គរ បន្ទាប់មកព្រះបាទពញាយ៉ាត បានលើករាជធានីពីអង្គរវត្ត មកតាំងទីនៅទូលបាសាន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រប់ដែនដីនៃអាណាចក្រខ្មែរនាសម័យនោះ៕










