ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល


ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាង ក្រុមការងារចុះជួយមូលដ្ឋានឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៧០នាក់។

សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន ១០រូប ដើម្បីជ្រើសរើសយក ៥រូប ធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ ដោយទទួលបានសន្លឹកឆ្នោតបានការចំនួន ២៣០សន្លឹក និងមិនបានការចំនួន ១សន្លឹក។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំស៊ីធរ ដែលអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តដោយផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើនទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ និងការណែនាំគន្លឹះសំខាន់ៗដល់យុវជនបក្ស ដូចខាងក្រោម៖

– ការពង្រឹងសមត្ថភាព និងកាយសម្បទា៖យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង និងសុខភាពរាងកាយតាមរយៈការលេងកីឡា ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមការពារបរិស្ថាន ដើម្បីកសាងស្មារតីស្នេហាជាតិដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និងការពារកសាងកេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ។

-ការស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា៖យុវជនមិនត្រូវមានការព្រួយបារម្ភចំពោះការចូលរួមបំពេញកាតព្វកិច្ចយោធានោះទេ ព្រោះនេះជាឱកាសមាសក្នុងការហ្វឹកហាត់ពង្រឹងកាយសម្បទា វិន័យ និងស្មារតីទទួលខុសត្រូវចំពោះជាតិ មាតុភូមិ។ ក្រោយពេលបញ្ចប់ភារកិច្ច យុវជននឹងត្រឡប់មកបន្តការសិក្សា ឬបំពេញការងារប្រកបរបរចិញ្ចឹមជីវិតជាធម្មតាវិញ។

-ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ៖យុវជនត្រូវរៀនសូត្រជាប្រចាំ ជាពិសេសចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការបង្កើតប្រាក់ចំណូល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានបង្ហើបពីផែនការរបស់គណបក្ស ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុជូនដល់យុវជនបក្សនាពេលខាងមុខផងដែរ។

នាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានរំលឹកថា ការបោះឆ្នោតនេះគឺជាការស្តែងចេញនូវមតិស្របតាមលទ្ធិប្រជាធិបតេយ្យ និងស្របតាមលក្ខន្តិកៈរបស់គណបក្ស។

ឯកឧត្តមបានដាស់តឿនដល់បេក្ខជនដែលទទួលបានការទុកចិត្ត និងជាប់ឆ្នោតទាំងអស់ ត្រូវប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ យុវជន និងសង្គមជាតិនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរបំផុត៕