ឯកឧត្តមរដ្ឋមន្រ្តីសង្គមកិច្ច៖ ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ដើម្បីបង្ហាញឆន្ទៈមោះមុតនិងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ


ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា ការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា គឺដើម្បីបង្ហាញនូវឆន្ទៈមោះមុត និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ ការអនុវត្តសិទ្ធិកុមារ និងលើកទឹកចិត្តឱ្យមានស្មារតីរួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារ ឱ្យកាន់តែល្អប្រសើរ ដើម្បីធានាឧត្តម ប្រយោជន៍កុមារគ្រប់រូបស្របតាមផែនការជាយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីសង្គមកិច្ច បានលើកឡើងក្នុងឱកាសលោកអញ្ជើញចូលរួមប្រារព្ធពិធីខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនានិងខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងឳកាសនោះ ឯកឧត្តម ជា សុមេធី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ដែលបានសហការរៀបចំទិវានេះឡើង ដោយបានបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដល់កុមារមកពីមជ្ឈដ្ឋាននានា បានចូលរួមសប្បាយរីករាយនៅក្នុងពិធីនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវសេចក្តីស្រឡាញ់ និងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារកម្ពុជា។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការលើកកម្ពស់សុខមាលភាពរបស់ស្ត្រីនិងកុមារ តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្ដល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយអត្រាមរណភាពរបស់មាតាទារកនិងកុមារ។ ចំពោះវិស័យអប់រំ រាជរដ្ឋាភិបាល បានបង្ករឱកាសដល់កុមារ គ្រប់រូបទទួលបានការសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា ប្រកបដោយសមធម៌ ជាពិសេសក្នុងកម្រិតសិក្សាអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំព្រមទាំងបានដាក់បញ្ចូលកម្មវិធីសិក្សាបច្ចេកវិទ្យាព័ត៌មានវិទ្យាទៅក្នុងកម្មវិធីសិក្សា និងប្រព័ន្ធអប់រំ ដើម្បីឱ្យការអនុវត្តស្របទៅតាមបរិបទថ្មីនៃសាកលភាវូបនីយកម្ម។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានឲ្យដឹងថា ដូច្នេះដើម្បីរួមគ្នាដោះស្រាយបញ្ហាកុមារឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត លោកសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ៖

១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ។

២- ក្រសួងស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាលសហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការការពារ អន្តរាគមន៍ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាព ។

៣- ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍និងហានិភ័យចំពោះកុមារ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កុមារនិងយុវជន មាតាបិតា អ្នកថែទាំ និងអ្នកផ្តល់សេវាសង្គម។

៤- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ រៀបចំពិធីអបអរទិវាកុមារអន្តរជាតិ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានផុលផុស។

៥- គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានាសូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីការជួញដូរការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ បណ្ដាប្រទេសជាច្រើនលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា បានរួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ និងដើម្បីរម្លឹកនូវសោកនាដកម្មនៃការកាប់សម្លាប់យ៉ាងឃោរឃៅទៅលើស្រ្តី និងកុមារក្នុងកំឡុងសង្គ្រាមលោកលើកទី២៕