ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា ការបណ្តុះបណ្តាលដល់មន្ត្រី និងយុវជនគណបក្ស គឺជាប្រទីបសម្រាប់បំភ្លឺផ្លូវឱ្យសិក្ខាកាមដើរបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ គោលការណ៍ លក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់គណបក្ស ហើយជាអាវុធដ៏មុតស្រួចសម្រាប់យកទៅប្រើប្រាស់ក្នុងការវាយបក លើសមរភូមិនយោបាយ ស្មារតី សតិអារម្មណ៍ និងសមរភូមិសាធារណមតិ។
ឯកឧត្តម សរ សុពុត្រា បានថ្លែងដូចនេះនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីភាពបិទវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី៣១ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្ត្រី និងសមាជិកគណបក្សក្រុងស្ទឹងត្រែងជាង ១៦០នាក់ ។
ឯកឧត្តម សរ សុពុត្រា បានបន្ថែមទៀតថា ចំណេះដឹងពីវគ្គអប់រំនេះនឹងជួយពង្រឹងតួនាទីដឹកនាំរបស់គណបក្ស និងរបៀបរបបធ្វើការងារនៅតាមស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់គណបក្ស គឺ «រក្សាឱ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ និងរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោតអាណត្តិក្រោយៗជាបន្តបន្ទាប់។
ឯកឧត្តមប្រធានគណបក្សខេត្តស្ទឹងត្រែង ក៏បានផ្តល់ការណែនាំ និងផ្តាំផ្ញើដល់សិក្ខាកាម និងមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំ ,បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ឱ្យជ្រាបចូលជ្រៅទៅក្នុងស្រទាប់ប្រជាពលរដ្ឋ ,ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីបម្រើផលប្រយោជន៍ប្រជាជនដោយភាពស្មោះត្រង់។
បើតាមលោក អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងថា វគ្គអប់រំនយោបាយរយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ ដោយមានសិក្ខាកាមចូលរួម ១៦៤នាក់ (ស្រី ៧៥នាក់) ជាលទ្ធផលវាយតម្លៃ សិក្ខាកាមទទួលបានការយល់ដឹងកម្រិត «ល្អ» ចំនួន ៨៥ភាគរយ, កម្រិត «ល្អបង្គួរ» ចំនួន ១០ភាគរយ និងកម្រិត «មធ្យម» ចំនួន ៥ភាគរយ៕

































