អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន៧៣គ្រួសារ នៅស្រុកកំពង់ត្របែក


ឯកឧត្តម សួន សុម៉ាលីន ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន៧៣គ្រួសារ រស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផងដែរ។

អំណោយផ្ដល់ជូនក្នុងមួយគ្រួសារ រួមមាន៖
*សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ចំនួន១៤គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, តង់១, មី១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន២០០,០០០រៀល
*សម្រាប់គ្រួសាររងគ្រោះមធ្យម ចំនួន៥៧គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកាចំនួន១០០,០០០រៀល
*អ្នករងរបួសស្រាល ចំនួន២នាក់ ក្នុងម្នាក់ទទួលបានថវិកា២០០,០០០រៀល។

សូមបញ្ជាក់ថា ពិធីនេះក៏មានការចូលរួមពីលោកគណៈកម្មាធិការសាខាខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សមាជិក សមាជិកាសាខា អនុសាខាខេត្ត អនុសាខាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក ឃុំ ភូមិ ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៧៣គ្រួសារផងដែរ៕