ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំពិនិត្យកម្មវិធី “បរិស្ថានបៃតង លំនៅឋានស្អាត” ព្រមទាំងចុះសំណេះសំណាល និងពិនិត្យសុខាភិបាលក្នុងឃុំចំណាលើ ស្រុកស្ទោង


ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារបើកកិច្ចប្រជុំពិនិត្យលើការអនុវត្តកម្មវិធី «បរិស្ថានបៃតង លំនៅឋានស្អាត» ព្រមទាំងបានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចុះពិនិត្យមណ្ឌលសុខភាពបង្អែក ព្រមទាំងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រឃុំចំណាលើ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានក្រុមការងារ បានពិនិត្យវឌ្ឍនភាពកម្មវិធីប្រលងប្រណាំង «បរិស្ថានបៃតង លំនៅឋានស្អាត» និងបានពាំនាំអនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដែលបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងបរិស្ថានមូលដ្ឋាន។ កម្មវិធីនេះចាប់ផ្តើមអនុវត្តពីស្នាក់ការគណបក្សឃុំ និងតាមផ្ទះរបស់ប្រជាពលរដ្ឋនៅសងខាងអគារបក្ស ដោយក្នុងមួយគ្រួសារដាំដើមទុរ៉េន ១ដើម ដើម្បីបង្កើតគម្របបៃតង ផ្ដល់ចំណូលបន្ថែមលើកកម្ពស់ជីវភាព និងបំផុសស្មារតីរួមគ្នាសម្រេចឱ្យបានតាមទស្សនៈ «ភូមិ-ឃុំស្អាត គ្មានសំរាម បរិស្ថានល្អ»។

បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលារៀនហ៊ុនសែនចំណាលើ ដើម្បីណែនាំ និងបញ្ជ្រាបការយល់ដឹងពីកម្មវិធី «បរិស្ថានបៃតង លំនៅឋានស្អាត» សំដៅរួមគ្នាថែរក្សាអនាម័យបរិស្ថាន ដែលជាកត្តាគន្លឹះលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ព្រមទាំងចុះពិនិត្យតាមខ្នងផ្ទះពលរដ្ឋដែលមានដាំដើមទុរ៉េន ដើម្បីទាញរកចំណូលបន្ថែម និងបានបន្តដំណើរចុះពិនិត្យការផ្តល់សេវាសុខាភិបាលនៅមណ្ឌលសុខភាពបង្អែកឃុំចំណាលើផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានឧបត្ថម្ភគ្រឿងកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងសម្ភារការិយាល័យមួយចំនួន ជូនដល់រដ្ឋបាល និងក្រុមប្រឹក្សាឃុំចំណាលើ ដើម្បីសម្រួលដល់ការបំពេញការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕