សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហាព្រំដែន ត្រូវការពេលវេលា ដោះស្រាយដោយផ្អែកតាមផ្លូវច្បាប់ជាមូលដ្ឋាន


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែន គឺត្រូវការពេលវេលា និងការដោះស្រាយដោយផ្អែកតាមផ្លូវច្បាប់ជាមូលដ្ឋាន។ កម្ពុជា បានប្រកាន់យកនូវសន្តិវិធីជាអាទិភាព ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «គ្រប់ពេលទាំងអស់រាជរដ្ឋាភិបាល មិនថាខ្ញុំ មិនថាមន្ត្រីផ្សេងៗទៀតទេ មិនថាគោលនយោបាយរបស់យើងទោះបីជាយើងត្រូវការ ការពារជាតិ ហើយការការពារជាតិនេះយើងមិនភ្លេចទេ ការដោះស្រាយត្រូវការពេលវេលា។ ដោះស្រាយតាមសន្តិវិធី ផ្អែកទៅលើផ្លូវច្បាប់ជាមូលដ្ឋាន»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ រាជរដ្ឋាភិបាល បានចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។

ជាមួយនឹងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បើទោះបីប្រើពេលវេលា ក៏វាជាជម្រើសមួយដ៏ល្អជាងការបញ្ជូនកងទ័ពទៅច្បាំងគ្នានៅលើសមរភូមិ តែដោះស្រាយបញ្ហាមិនចេញនោះដែរ។ ដូច្នេះ ដរាបណានៅមានផ្លូវដោះស្រាយបញ្ហាជាតិ ទឹកដីដោយសន្តិវិធី គឺត្រូវតែបន្តអនុវត្តជានិច្ច។

បន្ថែមពីនេះសម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សូមជឿចុះ គឺគ្មានការដោះស្រាយដោយប្រើប្រាស់កម្លាំងយោធា ការកសាងហេដ្ឋារសម្ព័ន្ធ លើទីតាំងដែលគ្រប់គ្រង គឺវាមិនស្ថិតស្ថិរនោះទេ ហើយក៏មិនអាចការពារសិទ្ធិស្របច្បាប់លើទីតាំងដែលគ្រប់គ្រងនេះ ថាជារបស់ប្រទេសណាមួយនោះដែរ។ ពោល គឺមានតែការដោះស្រាយតាមផ្លូវច្បាប់តែមួយប៉ុណ្ណោះ ទើបអាចបញ្ជាក់ពីភាពជាម្ចាស់លើទឹកដីដែលបានគ្រប់គ្រង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដោះស្រាយជម្លោះដោយផ្អែកលើផ្លូវច្បាប់ គឺជាជម្រើសដ៏ត្រឹមត្រូវរបស់កម្ពុជា ហើយនៅតែបន្តដើរទៅមុខជានិច្ច ដើម្បីបញ្ចៀសសង្គ្រាមបបង្ហូរឈាមរវាងកងទ័ព និងកងទ័ព។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងវិស័យការពារជាតិ ប៉ុន្តែ រាជរដ្ឋាភិបាលមិនចោលការអភិវឌ្ឍតិចតូចនោះមូលដ្ឋាននោះឡើយ។ ដូច្នេះ ការអភិវឌ្ឍនៅមូលដ្ឋាន នឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមសហគមន៍មូលដ្ឋានមានជីវភាពសមរម្យ ជាក់ស្តែងការអភិវឌ្ឍនៅតំបន់ខ្នងផ្សារ ព្រមទាំងនៅតាមមូលដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមានលេងកម្សាន្ត នាំចំណូលចាក់កចូលក្នុងមូលដ្ឋាន និងផ្តល់ឱកាសការងារនៅនឹងកន្លែងជាដើម។

បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ការដោះស្រាយបញ្ហាការពារជាតិ និងការការពារទឹកដី គឺមិនមែនប្រើប្រាស់តែកម្លាំងប្រដាប់អាវុធនោះទេ មិនប្រើប្រាស់កងទ័ព និងអាវុធយុទ្ធភ័ណ្ឌទំនើបនោះទេ ប៉ុន្តែ ប្រើប្រាស់កម្លាំងសរុបរបស់ជាតិយើង គឺប្រជាពលរដ្ឋ និងសេដ្ឋកិច្ច-សង្គមយើងតែម្តង»។

សូមជម្រាបថា នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។ កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយ សន្តិវិធី។ កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ អធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ត្រូវតែបានគោរព ជាដាច់ខាត៕