សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋបង្កើនការលេងកីឡា និងណែនាំឲ្យអាជ្ញាធរ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពលរដ្ឋលេងកីឡា


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានថ្លែងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបង្កើនការលេងកីឡា និងអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធ សួនសាធារណៈ ដើម្បីប្រជាពលរដ្ឋលេងកីឡា។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រ គ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ដ ឲ្យបន្ដបន្ថែមទៀត នៅក្នុងការកសាង និងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការលេងកីឡា ហើយអាជ្ញាធរត្រូវមានការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អ»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋយើងឥលូវ ចាប់អារម្មណ៍រឿងកីឡា ហើយឥលូវនៅតាមទីសួនសាធារណៈ នៅតាមខេត្ដ-រាជធានីមួយចំនួន បានរៀបចំច្រើន ហើយសម្ដេចសូមអរគុណ និងកោតសរសើរ ដែលខិតខំប្រឹងប្រែងក្នុងការរៀបចំ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការលេងកីឡា ឬរាំកំសាន្ដ គឺកាត់បន្ថយនៃជំងឺផ្សេងៗ ព្រោះថា នៅពេលដែលមានសមាជិក ក្នុងគ្រួសារនីមួយៗ មានសមាជិកឈឺស្កាត់ ធ្វើឲ្យមានបន្ទុកធំណាស់ ដោយបន្ទុកទី១៖ ខ្លួនឯង និងបន្ទុកទី២៖ គ្រួសារ៕