កម្ពុជា និងជប៉ុន ប្តេជ្ញាចិត្តពង្រឹង និងពង្រីកនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ


នៅទីស្ដីការក្រសួង លោកជំទាវអ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម HAYASHI Teiji ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។

ក្នុងជំនួបដែលធ្វើឡើងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុន។

ឆ្លៀតនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនឯកឧត្តម HAYASHI អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ លើសពីនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់ជប៉ុនដល់ប្រជាជនភៀសសឹកនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តម HAYASHI បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ។