ប្រកាសចូលកាន់តំណែងអភិបាលស្រុកត្រាំកក់ថ្មី អភិបាលខេត្តតាកែវ ណែនាំឱ្យបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ និងចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន ស្រាវជ្រាវរកទីតាំងប្រព្រឹត្តបទល្មើស Online Scams


(តាកែវ)៖ លោក ហ៊ត មនោ អភិបាលរងក្រុងដូនកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលស្រុកត្រាំកក់ ជំនួសលោក កេត ម៉ៅ ដែលត្រូវផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅសាលាខេត្ត។

ពិធីប្រកាសតែងតាំងអភិបាលស្រុកត្រាំកក់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ។

នៅក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង បានផ្ដាំផ្ញើអភិបាលស្រុកបាទី ដែលទើបតែងតាំងថ្មីត្រូវប្រឹងប្រែងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើយ៉ាងណាឱ្យស្រុកត្រាំកក់ កាន់តែមានការអភិវឌ្ឍរីកចម្រើនឥតឈប់ជាពិសេសត្រូវ រួមគ្នាថែរក្សាការពារ សន្តិភាពស្ថិរភាពនយោបាយ ស្ថិរភាពសង្គមឱ្យបានល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានណែនាំឱ្យអភិបាលស្រុកត្រាំកក់ ដែលទើបតែងតាំងថ្មី ត្រូវទប់ស្កាត់ការជួញដូរ ឬចែកចាយគ្រឿងញៀន និងត្រូវបង្ក្រាបឱ្យបានចំពោះក្រុមក្មេងទំនើង មិនត្រូវបណ្ដែតបណ្ដោយឱ្យពួកគេអុកឡុក នៅតាមមូលដ្ឋានដែលបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។

ឯកឧត្តមបានណែនាំលើការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈការចុះធ្វើរដ្ឋបាលដល់មូលដ្ឋាន និងណែនាំម្ចាស់រោងចក្រ សហគ្រាស ផ្ទះសំណាក់ និងប្រជាពលរដ្ឋឱ្យរួមសហការជាមួយ អាជ្ញាធរដើម្បីលប់បំបាត់កុំឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕