ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ១ខ្នង បន្ទប់កុំព្យូទ័រ​ និងសមិទ្ធផលនានានៅស្រុកបាភ្នំ


(ព្រៃវែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សាចំនួន ១ខ្នង មាន៤បន្ទប់ និងបន្ទប់កុំព្យូទ័រ​ ស្រះទឹក ខ្លោងទ្វារសាលាបឋមសិក្សា និងសមិទ្ធផលនានានៅសាលាបឋមសិក្សា ហ៊ុន សែន ឈើកាច់​ ព្រមទាំង ខ្លោងទ្វារវត្តព្រះវិហារគុហ៍ នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

​បន្ទាប់ពីលោកអភិបាលស្រុកបាភ្នំ បានឡើងអានរបាយការណ៍ស្វាគមន៍ និងបង្ហាញពីដំណើរការនៃការសាងសង់ ក៏ដូចជាការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានរួចមក, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះក្រុមការងារចុះជួយមូលដ្ឋាន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាកសាងសមិទ្ធផលទាំងនេះឡើង ដែលជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សចាប់តាំងពីកម្រិតមត្តេយ្យសិក្សាទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ថា សមិទ្ធផលថ្មីៗដែលបានដាក់សម្ពោធនាពេលនេះ គឺកើតចេញពីផ្លែផ្កានៃសន្តិភាព និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំ ជាអាទិភាពចម្បងបំផុត ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ បន្ទប់កុំព្យូទ័រថ្មីនេះនឹងជួយឱ្យក្មួយៗសិស្សានុសិស្សនៅជនបទ បានឈានជើងចូលទៅក្នុងពិភពបច្ចេកវិទ្យា និងឌីជីថល ស្របតាមការវិវត្តនៃសង្គមសម័យថ្មី។

​ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

​នាឱកាសដ៏វិសេសវិសាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានរៀបចំអាហារសាមគ្គីយ៉ាងឆ្ងាញ់ពិសាដល់ក្មួយៗផងដែរ៕