ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះហត្ថលេខាលើលទ្ធផល នៃការប្រឡងប្រជែងមន្ត្រីរាជការ ៣ក្រសួង ស្ថាប័ន


ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នចំនួន៣ បានឈានដល់ទីបញ្ចប់។ នេះគឺជាដំណាក់កាលដ៏មានសារៈសំខាន់បំផុតមួយ មុនពេលឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ ខណៈដែលឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

ការចុះហត្ថលេខាបញ្ជាក់លទ្ធផលនេះ ត្រូវបានធ្វើឡើងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី (ក្នុងនាមជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង) រួមជាមួយសមាជិក-សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងសាមីទាំង៣ អង្គភាពពាក់ព័ន្ធ និងអ្នកសង្កេតការណ៍យ៉ាងច្រើនកុះករ ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹតភាពពេញលេញ។

លទ្ធផលដែលត្រូវបានចុះហត្ថលេខានៅក្នុងដំណាក់កាលដ៏សំខាន់នេះ រួមមាន៖ ការជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ៖ សម្រាប់ក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងការជ្រើសរើសបេក្ខជនប្រឡងជាប់ដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១)៖ សម្រាប់ក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការឈានដល់ការចុះហត្ថលេខាលើលទ្ធផលនេះ គឺជាការបិទបញ្ចប់ដោយជោគជ័យនូវនីតិវិធីនៃការកែ និងស្រង់ពិន្ទុដ៏តឹងរ៉ឹងបំផុត ក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែលរៀបចំដោយក្រសួងមុខងារសាធារណៈ បានបង្ហាញឲ្យដឹងថា សម្រាប់ក្របខណ្ឌក្រសួងយុត្តិធម៌ សម័យប្រឡងទី២៩ ខែឧសភា ឆ្នាំ២០២៦ បេក្ខជនជាប់ស្ថាពរ ២៦នាក់ (ស្ត្រី ៥នាក់) លើតម្រូវការ ៤៥នាក់ ។

ការប្រឡងក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសម័យប្រឡងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បេក្ខជនជាប់ស្ថាពរឧបសម្ព័ន្ធទី១ មានតម្រូវការ សរុប ១០នាក់ សម្រាប់ ៦មុខជំនាញ ក្នុងនោះ បេក្ខជនជាប់ស្ថាពរ ចំនួន ១០នាក់ (ស្រី្ត ៤នាក់)។ បេក្ខជន ជាប់ស្ថាពរឧបសម្ព័ន្ធទី២ គឺមានតម្រូវការបេក្ខជនសរុប ៣០នាក់ សម្រាប់ ១៧ ជំនាញ។ រីឯបេក្ខជនដែលមានសិទ្ធិបន្តប្រឡងវគ្គសម្ភាសន៍មានចំនួន ៤៦នាក់ (ស្រី្ត១៥ នាក់)

សម្រាប់ការប្រឡងក្របខណ្ឌក្រសួងការបរទេស (តម្រូវការសរុប៥២នាក់) សម័យប្រឡង កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦។ បេក្ខជនជាប់ជាស្ថាពរសម្រាប់ឧបសម្ព័ន្ធទី១ (មុខតំណែងគាំទ្រ) ក្រសួង មានតម្រូវការបេក្ខជនសរុប ៥ នាក់ សម្រាប់ ៥មុខជំនាញ ជ្រើសរើសបានបេក្ខជនជាប់ជាស្ថាពរ ៥នាក់ (ស្រ្តី១នាក់) និងបម្រុង១៣នាក់ ។

ចំពោះបេក្ខជនឧបសម្ព័ន្ធទី២ (មុខតំណែងវិជ្ជាជីរៈវិស័យការបរទេស) តម្រូវការសរុប ៣៨នាក់ សម្រាប់ ៦ជំនាញឯកទេស។ ក្នុងនោះ បេក្ខជនមានសិទ្ធបន្តប្រឡងវគ្គសម្ភាសន៍មានចំនួន ៥៤ នាក់។

រីឯបេក្ខជនជាប់ជាស្ថាពរសម្រាប់ឧបសម្ព័ន្ធទី៣ (សម្រាប់មុខតំណែងវិជ្ជាជីវៈ វិស័យការបរទេស) គឺមានតម្រូវការសរុប៩នាក់ សម្រាប់៦ជំនាញឯកទេសហើយ បេក្ខជនដែលមានសិទ្ធបន្តប្រឡងវគ្គសម្ភាសន៍មានចំនួន១៥នាក់៕