ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១០០០ម៉ែត្រ ទទឹង១០ម៉ែត្រកម្រាស់០.២ម៉ែត្រ រួចនឹងបន្តអ៊ុតកៅស៊ូ AC កម្រាស់ ០.០៥ម៉ែត្រពីលើទៀត ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតី លោកជំទាវ អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ឈៀង ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លោក ឧកញ៉ា ថោង សារ៉ាត់ អគ្គនាយកក្រុមហ៊ុន UK ខុនដូ ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានសម្តែងនូវកាត្រេកអរ សប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត។ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយជំរុញឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ផ្លូវមួយខ្សែនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្ទាល់ និងជុំវិញតំបន់នេះផងដែរ នៅពេលផ្លូវនេះបានស្ថាបនារួចរាល់ជាស្ថាពរ នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់នេះ កាន់តែរីកចម្រើនបានមួយកម្រិតថែមទៀត ទាក់ទាញអ្នកវិនិយោគ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្មផ្សេងៗ បង្កើតឱ្យមានសុខដុមរូបនីយកម្មកាន់តែល្អប្រសើរឡើងថែមទៀត។
បន្ថែមពិនិត្យលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ ត្រូវចុះមកត្រួតពិនិត្យបន្ថែមទៀតដើម្បីសិក្សាអំពីគម្រោងធ្វើផ្លូវក្នុងតំបន់នេះ ឱ្យកាន់តែច្រើនខ្វាត់ខ្វែងថែមទៀត ពីព្រោះផ្លូវកាន់តែច្រើនគឺកាន់តែល្អ ដើម្បីជួយជំរុញដល់សេដ្ឋកិច្ចផង ជួយកាត់បន្ថយពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើង បញ្ជៀសការកកស្ទះ ជាពិសេសជួយសម្រួលក្នុងករណីមានគ្រោះអាសន្នផ្សេងៗ ដូចជាគ្រោះអគ្គីភ័យជាដើម។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណី scam online ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះជួលអគារជួលផ្សេងៗ មុនពេលដាក់ជួលសូមពិនិត្យឯកសារបានត្រឹមត្រូវត្រូវរាយការណ៍ទៅកាន់សមត្ថកិច្ចឱ្យបានដឹងឮ ចៀសវាងជាប់ពាក់ព័ន្ធជាមួយនឹងបទល្មើស scam online ដោយមិនដឹងខ្លួន មួយវិញទៀតសូមឧស្សាទៅត្រួតពិនិត្យអំពីស្ថានភាពកន្លែងដែលជួល ករណីសង្ស័យត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា៕
























