ក្រសួងបរិស្ថាន រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «សំណល់សូន្យ (Zero Waste)»


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ៖ «សំណល់សូន្យ (Zero Waste)»។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា តំណាងអង្គទូតថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានរាជធានី-ខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

ក្នុងបរិយាកាសដ៏មហាប្រសើរនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានរំឮកអំពីព្រះបញ្ញាញាណដ៏ភ្លឺស្វាងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវរវាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលព្រះអង្គបានយក ចិត្ត ទុកដាក់ខ្ពស់លើវិស័យបរិស្ថានដោយបានបង្កើតតំបន់ការពារធម្មជាតិឡើងវិញ នៅឆ្នាំ១៩៩៣ និងបានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងបរិស្ថានកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដើម្បីគ្រប់គ្រងធនធាន ធម្មជាតិ និងកិច្ចការពារបរិស្ថាន។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកឡើងថា ផ្អែកលើបញ្ញាញាណដ៏ត្រចះត្រចង់នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានយកចិត្តដាក់យ៉ាងខ្លាំងលើការងារអភិរក្សធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន។ ជាក់ស្តែងវិស័យបរិស្ថាន ត្រូវបានដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រជាតិតាំងពីឆ្នាំ១៩៩៣ ទាំងយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាល ហើយបានឯកភាពក្នុងការកំណត់យកថ្ងៃទី៥ ខែមិថុនារៀងរាល់ឆ្នាំ ដែលជាទិវាបរិស្ថានពិភពលោកមធ្វើជាទិវាបរិស្ថានជាតិនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បន្តថែរក្សានូវសមិទ្ធផលជាមរតក ដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ សម្រេចបានក្នុងនោះសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ក្រុមអ្នកបន្តវេន នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ពោរពេញដោយសមត្ថភាព និងថាមពល បានបន្តអនុវត្ត និងដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមថា ចូលរួមអបអរសាទរការប្រារព្ធពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» ៥ មិថុនា ឆ្នាំ២០២៦ ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការអនុវត្តសកម្មភាពការពារបរិស្ថានឱ្យកាន់តែមានសុក្រឹតភាព ស៊ីសង្វាក់សំដៅសម្រេចឱ្យ បាននូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយនឹងការឆ្លើយ តបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និង អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ប្រធានបទសម្រាប់ពិធីទិវាបរិស្ថានជាតិ ឆ្នាំ២០២៦នេះ គឺផ្តោតលើ «សំណល់សូន្យ (Zero Waste)» ដោយមានការកត់សម្គាល់ឃើញថា បរិមាណសំណល់រឹង-សំណល់រាវបានកើនឡើងជាលំដាប់ដោយសារកំណើនប្រជាជនមកំណើនសេដ្ឋកិច្ច និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ។ នៅក្នុងបរិបទនេះការគ្រប់គ្រងសំណល់ឱ្យបានសមស្របទៅតាមលក្ខណៈបច្ចេកទេសមការកែច្នៃ និងប្រើប្រាស់ឡើងវិញសំដៅទទួលបាន «សំណល់សូន្យ (Zero Waste)» គឺជាកិច្ចការចាំបាច់។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា សំណល់សូន្យ គឺការធ្វើយ៉ាងណាឱ្យមានបរិមាណសំណល់តិចបំផុត ដោយត្រូវអនុវត្តនូវគោលគំនិតសេដ្ឋកិច្ចចក្រា និងលើកទឹកចិត្តដល់ប្រជាជនអនុវត្តគោលការណ៍ ៤ក ឬ 4R (ការបដិសេធ ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ) ដើម្បីកាត់បន្ថយបរិមាណសំណល់ឱ្យបានជាអប្បបរមា៕