អ្នកវិនិយោគចិនគ្រោងពង្រីកសាខាក្រុមហ៊ុនសាងសង់នៅខេត្តកំពង់ស្ពឺ និងបណ្តុះបណ្តាលវិស្វករជំនាញ ដើម្បីចូលរួមប្រកួតប្រជែងនៅអន្តរជាតិ


លោក វ៉ាង ហាយ ឆិន WANG HAI CHEN សមាជិក នៃក្រុមដឹកនាំបក្ស និងជាអនុប្រធានគណៈកម្មាការអភិវឌ្ឍន៍កែទម្រង់ក្រុងប៉េកាំង និងជាអភិបាលក្រុមមីឃុន ហើយជាប្រធានប្រតិបត្តិ នៃក្រុងស៊ុនយី និងជាអនុប្រធាន (កម្រិតនាយកដ្ឋាន) នៃការិយាល័យក្រុមថ្នាក់ដឹកនាំក្រុងប៉េកាំង សម្រាប់ការសម្របសម្រួលការអភិវឌ្ឍន៍តំបន់ប៉េកាំង ធានជើង ហឺប៉ី បានអញ្ជើញជួបជាមួយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្នុងនោះអ្នកវិនិយោគរបស់ចិន គ្រោងបោះទុនជាច្រើនលានដុល្លា ដើម្បីពង្រីកសាខាក្រុមហ៊ុនសាងសង់មួយនៅក្នុងខេត្តកំពង់ស្ពឺ ខណៈសាខាមួយកំពុងដំណើរការដោយជោគជ័យ នៅប្រទេសម៉ាឡេស៊ី។

លោក វ៉ាង ហាយឆិន បានលើកឡើងថា ក្រុមហ៊ុនប៉េកាំងប្រូដាកសិន ជាក្រុមហ៊ុនមួយដែលទទួលបានការគាំទ្រ ក្នុងការសាងសង់សំណង់រឹងមាំ និងអាគារធំៗ នៅក្នុងប្រទេសចិន ក្នុងនោះមានផ្លូវដែក អាកាសយានដ្ឋាន និងមន្ទីរពេទ្យជាដើម ខណៈបច្ចុប្បន្នកំពុងតែជោគជ័យខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី។ ជាងនេះ ក្រុមហ៊ុនបានមើលឃើញពីកត្តាសុខសន្តិភាព និងភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ក៏ជាឱកាសក្នុងការពង្រីកបុត្រសម្ព័ន្ធក្រុមហ៊ុនផង លោករួមម្ចាស់ភាគហ៊ុនទាំងអស់ ក៏សម្រេចចិត្តជ្រើសយកប្រទេសកម្ពុជា ជាសាខាបន្ទាប់ ដោយយកកំពង់ស្ពឺជាខេត្តគោលដៅ។

លោក វ៉ាង បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់ដែលអាចផ្តល់ជាវត្ថុធាតុដើម សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់ក្រុមហ៊ុនដើម្បីធ្វើសកម្មភាព។ ក្រុមហ៊ុនប៉េកាំង និងត្រូវចុះ MOU ជាមួយខេត្តកំពង់ស្ពឺ នៅពេលខាងមុខ បន្ទាប់ពីក្រុមការងារទាំងពីរចុះសិក្សាទីតាំងសាងសង់រួចរាល់ ក្រោយមករាល់សកម្មភាពសាងសង់ធំៗនៅក្នុងប្រទេសកម្ពុជា គឺខេត្តកំពង់ស្ពឺ អាចដាក់ក្រុមហ៊ុនរបស់ខ្លួន បានដោយមិនប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនប៉េកាំងប្រូដាកសិនទៀតទេ ក្នុងនោះក៏អាចទទួលគម្រោងសាងសង់ធំៗ ជាអន្តរជាតិ។

លើសពីនេះក្រុមហ៊ុនមានគម្រោងបន្ថែមចំណេះជំនាញ ដល់បុគ្គលិកក្រុមហ៊ុនជាជនជាតិខ្មែរ ឲ្យក្លាយជាវិស្វករពិតប្រាកដ ដែលអាចចូលរួមទទួលការងារជាអន្តរជាតិ នាពេលអនាគតក្រោយក្រុមហ៊ុនដំណើរបាន៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការត្រេកអរជំនួស ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ដែលទទួលបានឱកាសការងារថ្មីបន្ថែមទៀត ពិសេសការប្រែក្លាយសមត្ថភាពជាកម្មករជំនាញមួយដ៏ពិតប្រាកដ ក្នុងការចូលរួមការងារជាអន្តរជាតិ។

ឯកឧត្តមបណ្ឌិត បានរំពឹងថា តាមរយៈគម្រោងនេះដែរ ប្រទេសកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ និងមានសំណង់រឹងមាំដែលមានគុណភាព មិនចាញ់ប្រទេសជឿនលឿននៅលើសកលលោកនោះទេ ជាពិសេសប្រជាពលរដ្ឋ និងរដ្ឋាភិបាល ក៏អាចមានចំណូលពីគម្រោងនេះដើម្បីអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត៕