អភិបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Beijing Urban Construction Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ


ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញ នៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញ បានដំណើរការយ៉ាងសកម្មក្តី។

ការបង្ហាញពីបំណងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណងចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train) នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្ត ឃួង ស្រេង បានថ្លែងថា «សម្រាប់រដ្ឋបាលរាជធានីភ្នំពេញស្វាគមន៍ ឲ្យក្រុមហ៊ុនធ្វើការសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ ដោយសារតែការងារពាក់ព័ន្ធនឹងប្រព័ន្ធចរាចរណ៍នេះ ជាចក្ខុវិស័យ ដែលយើងកំពុងព្យាយាមដោះស្រាយឲ្យកាន់តែល្អប្រសើរឡើង ខណៈដែលរាជធានីភ្នំពេញ បាននិងកំពុងប្រឈមទៅនឹងការកកស្ទះចរាចរណ៍ដែរនោះ»៕