ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ការអនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ»


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ការអនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ (CoolThink@JC)» ទៅក្នុងសាលារៀនបឋមសិក្សា ដែលជាជំហានយុទ្ធសាស្ត្រដ៏មុតស្រួចមួយនៃការកំណែទម្រង់ការអប់រំបែបឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះក៏មានការចូលរួមពីលោក Jackson Woo ប្រធានក្រុមប្រឹក្សាមូលនីធិសប្បុរសធម៌ទីក្រុងហុងកុង, លោក លោកស្រី តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា លោកស្រីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រី មកពីអង្គភាពចំណុះក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី គណៈប្រតិភូនៃមូលនីធិសប្បុរសធម៌ទីក្រុងហុងកុង និងសមាគមន៍គ្រូបង្រៀនទីក្រុងហុងកុង រួមទាំងមាន លោក លោកស្រី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូជាច្រេីនរូបទៀត។

សូមបញ្ជាក់ដែរថា កម្មវិធី CoolThink@JC ត្រូវបានផ្ដួចផ្ដើមឡើងនិងផ្ដល់មូលនិធិដោយអង្គការសប្បុរសធម៍នៅទីក្រុងហុងកុង ក្នុងគោលបំណងបំពាក់បំប៉នសិស្សានុសិស្សនូវជំនាញគិតបែបកុំព្យូទ័រ ដើម្បីរៀបចំពួកគេសម្រាប់អនាគតឌីជីថលដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ កម្មវិធីនេះក៏ពង្រឹងសមត្ថភាពគ្រូបង្រៀនតាមរយៈកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ប្រព័ន្ធសិក្សា និងកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈផងដែរ។ នៅក្នុងឆ្នាំ២០២៣ នាយកដ្ឋានអប់រំនៅទីក្រុងហុងកុង បានដាក់បញ្ចូលកម្មវិធីសិក្សារបស់ CoolThink@JC ទៅក្នុងកម្មវិធីសិក្សាគោលសម្រាប់សាលាបឋមសិក្សាសាធារណៈទាំងអស់នៅក្នុងទីក្រុងហុងកុង។

នាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានខិតខំប្រឹងប្រែងសហការយ៉ាងសកម្មជាមួយមូលនិធិសប្បុរសធម៌ទីក្រុងហុងកុង ចាប់តាំងពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ខែមិថុនា ឆ្នាំ២០២៥ រហូតសម្រេចបាននូវលទ្ធផលជាទីមោទនៈ រួមមាន៖ ការបកប្រែសម្រួលសៀវភៅសិក្សាគោល CoolThink@JC ទាំង ៣កម្រិត រួមមានទាំងសៀវភៅសម្រាប់សិស្ស និងគ្រូ បានចប់សព្វគ្រប់តាមផែនការ ។

ការដាក់ដំណើរការការអនុវត្តកម្មវិធីអប់រំ ការគិតបែបកុំព្យូទ័រ នៅតាមសាលារៀនបឋមសិក្សានៅកម្ពុជានេះ​ ជាសក្ខីភាពច្បាស់លាស់នៃការបោះជំហានទៅមុខប្រកបដោយវឌ្ឍនភាព។ នៅក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធអប់រំ គឺជាកិច្ចការអាទិភាពដ៏សំខាន់បំផុតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រេចឱ្យបាននូវគោលដៅការអប់រំបែបឌីជីថល និងការអប់រំស្ទែម (STEM) ប្រកបដោយនិរន្តរភាព ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា ការសម្រេចចិត្តដាក់បញ្ចូលកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ ជាជំហានយុទ្ធសាស្ត្រដ៏មុតស្រួចមួយនៃការកំណែទម្រង់ការអប់រំបែបឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅរកយុគសម័យបញ្ញាសិប្បនិម្មិត កម្ពុជាត្រូវតែផ្លាស់ប្តូរទម្រង់អប់រំពីសកម្មភាពផ្អែកលើការទន្ទេញចាំ មកជាការគិតបែបវិទ្យាសាស្ត្រ និងការដោះស្រាយបញ្ហាជាដើម។

តាមរយៈការកំណែទម្រង់ថ្មីនេះ យើងកំពុងធ្វើការចាក់ឫសចំណេះដឹងឌីជីថលតាំងពីកម្រិតមូលដ្ឋាននៃបឋមសិក្សា ដើម្បីបង្កើតឱ្យមានអេកូឡូស៊ីអប់រំមួយប្រកបដោយនិរន្តរភាព។ ការបណ្តុះបណ្តាលកុមារឱ្យចេះគិតបែបកុំព្យូទ័រតាំងពីវ័យនេះ គឺជាការរៀបចំខួរក្បាលរបស់ពួកគេឱ្យមានរចនាសម្ព័ន្ធគិតប្រកបដោយតក្កវិជ្ជាខ្ពស់ ដែលជាសមត្ថភាពមូលដ្ឋានដ៏សំខាន់ និងចាំបាច់បំផុតក្នុងការឈានទៅចាប់យក និងយល់ដឹងពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមថា ការកសាងសមត្ថភាពឌីជីថលពីកម្រិតបឋមសិក្សានេះ នឹងដើរតួជាស្ពានចម្លងដ៏រឹងមាំឆ្ពោះទៅរកការអនុវត្ត«កម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិតសម្រាប់កម្រិតវិទ្យាល័យ»ដែលក្រសួងបានគ្រោងទុកនៅក្នុងផែនការយុទ្ធសាស្ត្របន្ត ។ កម្មវិធីអប់រំការគិតបែបកុំព្យូទ័រ មិនមែនគ្រាន់តែជាការរៀនដើម្បីសរសេរកូដ ឬប្រើប្រាស់ឧបករណ៍កុំព្យូទ័រនោះទេ វាគឺជា«របៀបគិតប្រកបដោយតក្កវិជ្ជា និងជាប្រព័ន្ធ» ដែលជួយឱ្យកុមារចេះបំបែកបញ្ហាស្មុគស្មាញ ចេះសង្កេតរកលំនាំ និងបង្កើតលំដាប់លំដោយនៃដំណោះស្រាយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជឿជាក់ថា ការរៀនកម្មវិធី CoolThink@JC គឺសមស្របបំផុតសម្រាប់កុមារកម្រិតបឋមសិក្សា ក្នុងការជម្រុញឱ្យពួកគេមានភាពច្នៃប្រឌិតខ្ពស់ ដោយនឹងធ្វើការផ្លាស់ប្ដូរឥរិយាបថកុមាររបស់យើង «ពីអ្នកប្រើប្រាស់បច្ចេកវិទ្យា ឱ្យក្លាយទៅជាអ្នកបង្កើតនវានុវត្តន៍ឌីជីថលថ្មីៗ» សម្រាប់ពេលអនាគត។

ការអនុវត្តកម្មវិធីអប់រំការគិតបែបកុំព្យូទ័រ សម្រាប់អនុវត្តសកម្មភាពនៃការលើកកម្ពស់អប់រំបែបឌីជីថលនៅកម្ពុជា ផ្តោតលើសកម្មភាពធំៗរួមមាន៖

* ទី១៖ ការបកប្រែកម្មវិធីសិក្សាសៀវភៅសិក្សាគោលកម្មវិធី CoolThink@JC ដែលផ្តោតលើមូលដ្ឋាននៃការអប់រំសរសេរកូដ ដោយមានទាំងសៀវភៅសិក្សាសម្រាប់គ្រូនិងសិស្ស (កម្រិតមូលដ្ឋាន កម្រិតមធ្យម និងកម្រិតខ្ពស់) សម្រាប់អនុវត្តនៅកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ
* ទី២៖ ការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពជូនដល់គ្រូបង្រៀនបង្គោល ICT នៅតាមសាលារៀន ក្រោមការសហការគាំទ្រដោយសមាគមន៍គ្រូបង្រៀនទីក្រុងហុងកុង និង Tech4Kids Academy។
* ទី៣៖ ការរៀបចំសហការលើការអនុវត្តកម្មវិធីសិក្សាផ្នែកបញ្ញាសិប្បនិម្មិតសម្រាប់ការបង្រៀនសិស្សនៅកម្រិតវិទ្យាល័យ
* ទី៤៖ នាយកដ្ឋានបរិវត្តកម្មក្រសួងអប់រំ នឹងយកកម្មវិធីសិក្សាទទួលស្គាល់ជាអន្តរជាតិប្រកបដោយនវានុវត្តន៍នេះ ទៅអនុវត្តក្នុងសាលារៀនសាធារណៈយ៉ាងតិចចំនួន១០០ ក្នុងប្រទេសកម្ពុជា២០២៦ ដល់ឆ្នាំ ២០២៨៕