ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់ គណបក្សប្រជាជនកម្ពុជា ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សឃុំស្តុក និងប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណបក្សប្រជាជនកម្ពុជានៃឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្តុក និងក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម លោក អ៊ុំ ចាំ ប្រធានគណៈកម្មាធិការគណៈបក្សឃុំស្ដុក បានធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមករបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំស្ដុក។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា លះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អគារស្នាក់ការគណបក្សថ្មីនេះឡើង និងជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំនេះកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម បានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ៣៣៨នាក់ ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការបង្ហាញពីការជឿជាក់ និងការគាំទ្រចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម បានបន្ថែមថាគណបក្សប្រជាជនកម្ពុជាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែសូមបងប្អូនទុកចិត្តថា គ្រប់កាលៈទេសៈ គឺគណបក្សប្រជាជនកម្ពុជាមិនទៅណាចោលបងប្អូនឡើយ។ ឯកឧត្តម ក៏បានស្នើដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវក្តាប់ឱ្យជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍ដឹកនាំរបស់គណបក្ស ដើម្បីបង្កើនសមត្ថភាពចំណេះដឹង និងបង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវទៅចុះឈ្មោះបោះឆ្នោត ត្រៀមខ្លួនទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។