នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យដោយផ្ទាល់នូវអគារទីស្នាក់ការគណបក្សឃុំ វឌ្ឍនភាពនៃការជួសជុលអគារសិក្សានៅអនុវិទ្យាល័យ ហ៊ុន សែន ចំណាលើ និងការអនុវត្តកម្មវិធី «បរិស្ថានបៃតង លំនៅឋានស្អាត» ស្ថិតក្នុងភូមិសាស្ត្រឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញពិនិត្យអគារទីស្នាក់ការគណបក្ស និងតាមដានការអនុវត្តចលនាប្រឡងប្រណាំង «បរិស្ថានបៃតង លំនៅឋានស្អាត» ដើម្បីដណ្ដើមរង្វាន់លើកទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ទន្ទឹមនឹងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្មវិធីនេះត្រូវបានបង្កើតឡើងដោយផ្ដើមចេញពីទីស្នាក់ការគណបក្ស រហូតដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងបម្រើប្រយោជន៍សាធារណៈ លើកកម្ពស់សោភ័ណភាពឃុំ កម្រិតជីវភាពរស់នៅ និងបំផុសស្មារតីឱ្យស្របតាមទស្សនៈ «ភូមិ-ឃុំស្អាត គ្មានសំរាម បរិស្ថានល្អ»។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារ ក៏បានបន្តដំណើរចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលអគារសិក្សានៅអនុវិទ្យាល័យ ហ៊ុន សែន ចំណាលើ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ។ ក្នុងនោះដែរ ឯកឧត្តមបានផ្តល់ការណែនាំដល់ភាគីពាក់ព័ន្ធ ឱ្យខិតខំយកចិត្តទុកដាក់ជួសជុលឱ្យស្របតាមបទដ្ឋានបច្ចេកទេស ព្រមទាំងបានជ្រាបបញ្ចូលកម្មវិធី «បរិស្ថានបៃតង លំនៅឋានស្អាត» និងជម្រុញឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងសហគមន៍ រំលែកស្មារតីរួមគ្នាថែរក្សាការពារសមិទ្ធផលសាធារណៈទាំងនេះ ឱ្យបានគង់វង្សយូរអង្វែង៕


