អតីតបេក្ខជន ភ្នាក់ងារ សកម្មជន និងអ្នកគាំទ្រ គណបក្សផ្សេងៗនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ចំនួន៣៦៥រូប បានសម្រេចចិត្ត មករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលពួកគេបានមើលឃើញច្បាស់ពីគោលនយោបាយ និងការដឹកនាំដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ និងមាតុភូមិ។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៣៦៥រូបនេះ បានធ្វើឡើងនៅថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ខណ្ឌមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ការសម្រេចចិត្តរបស់បងប្អូនទាំង៣៦៥រូប ចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះគណបក្សប្រជាជនកម្ពុជា មានតួនាទី មិនអាចខ្វះបានសម្រាប់ជាតិមាតុភូមិ ទាំងកិច្ចការពារជាតិ ការពារអាយុជីវិតប្រជាពលរដ្ឋ ការរំដោះជាតិ ធ្វើការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃ និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ឃួង ស្រេង បានបន្តថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំខ្លាំងណាស់ ក្នុងការបង្រួបបង្រួមជាតិ បង្រួបបង្រួមប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងរួមតែមួយ ជាខឿនការពារជាតិ លើកលែងតែទណ្ឌិត សម រង្ស៊ី តែម្នាក់គត់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានសូមឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការដឹកនាំរបស់សម្តេចទាំង២ សម្តេចមិនរត់ចោលបងប្អូនទេ ទោះក្នុងកាលៈទេសៈ ណាក៏ដោយ។ គណបក្សប្រជាជនកម្ពុជានិយាយតិចធ្វើច្រើន ស្ងាត់ តែមិនស្ងៀម។
ជាមួយគ្នានេះ លោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌមានជ័យ បានជម្រាបជូនពីភូមិសាស្ត្រនិងស្ថិតិប្រជាពលរដ្ឋនៅក្នុងខណ្ឌ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាមួយនិងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាដើម។
លោក សេង គន្ធ បានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតកន្លងទៅនេះ នៅខណ្ឌមានជ័យ ពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកើនឡើងយ៉ាងច្រើន ដែលបានបង្ហាញពីការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជារបស់យើង៕










































