សម្តេចតេជោ ហ៊ុន សែន មិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រា​ទប់​ទល់សត្រូវនៅទល់ដែននោះឡើយ និងផ្តាំទៅមនុស្សមួយចំនួនបើមិនបានជួយជាតិ កុំធ្វើជាមនុស្ស​ក្បត់ជាតិ


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំទៅមនុស្សមួយចំនួន បើមិនបានធ្វើអ្វីជួយដល់ជាតិ សូមកុំធ្វើជាមនុស្ស​ក្បត់ជាតិ ដោយរំខានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយសត្រូវ​នោះ​ឡើយ។

ការផ្តាំបែបនេះរបស់សម្តេចតេជោ ហ៊ុន​ សែន​ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣ ៣១៨នាក់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមប្រឆាំងកំពុងតែដេកច្រៀងសប្បាយនៅក្រៅប្រទេស ប៉ុន្តែ ប្រកាសស្រែកតាមបណ្តាញសង្គមមិនឱ្យកម្ពុជា រៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីទៅវិញ។ ចំពោះករណីនេះ សម្តេចបានសង្កត់ធ្ងន់ចំពោះបុគ្គលមួយចំនួនដែលលង់ជឿនឹងការញុះញង់ អុជអាល់ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស សូមកុំធ្វើសភាពតាមរូបភាពណាមួយដែលរំខានដល់ប្រជាលរដ្ឋ និងរាជរដ្ឋាភិបាលឱ្យសោះ។ ខណៈមានបុគ្គលដែលប្រើប្រាស់បណ្តាញសង្គម ចូលទៅវាយប្រហាររដ្ឋាភិបាលដោយបំពាន និងខុសពីការក្នុងចេតនាទុច្ចរិត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តតាមច្បាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា​ នៅកម្ពុជា មិនមានការឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ជាក់ស្តែងមានប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមជាច្រើន បានប្រើប្រាស់បណ្តាញសង្គមនេះចូលមកបញ្ចេញមតិដើម្បីស្ថាបនា គឺទទួលបានស្វាគមន៍។ ប៉ុន្តែ បើប្រើប្រាស់ចូលមកជេរ​ប្រមាថ និងចោទមកលើប្រកាន់រដ្ឋាភិបាលខុសនឹងការពិត មិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ។

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ម្តងហើយ ម្តងទៀត​សភាពបែបនេះ ប្រទេសខ្លះបានដាក់ប្រទេសក្នុងគ្រា មានអាសន្ន តែយើងអត់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ឬប្រកាសច្បាប់អាជ្ញាសឹក គឺអត់ទេ អាហ្នឹងត្រូវដឹងឱ្យច្បាស់ អត់មានអ្នកឯង ចង់ធ្វើឱ្យមានចលាចល ខាងក្រោយ ដើម្បីរំខានដល់ខាងមុខ ហើយផ្តួលរំលំ […] ខ្ញុំសូមបញ្ជាក់ឡើងវិញ ខ្ញុំវៃតែអ្នកណាដែលចង់ផ្តួលរដ្ឋាភិបាលក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ តែគណបក្សនយោបាយចូលមកប្រកួតប្រជែងសូមធ្វើចុះ»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងនៅក្នុងប្រទេសឱ្យដឹងច្បាស់ថា សុំកុំប្រើប្រាស់បណ្តាញសង្គមដើម្បីវាយប្រហាររាជរដ្ឋាភិបាល ដោយខុសច្បាប់ឱ្យសោះ ពីព្រោះការជេរប្រមាថ គឺជាទង្វើរខុសច្បាប់ ជាបទល្មើសជាក់ស្តែង ដែលមិនអាចលើកលែងទោសបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកឱ្យក្រុមប្រឆាំងវាយសម្តេចពីក្រោយ ក្នុងគ្រា​ទប់​ទល់សត្រូវនៅទល់ដែននោះឡើយ។ ហើយនៅតែប្រកាសវិធានការច្បាប់​ដោយម៉ឺងម៉ាត់ចំពោះអ្នកដែលវាយសម្តេច ដើម្បីផ្តល់ឱកាសឱ្យសត្រូវនៅទល់ដែន។ ចំពោះបញ្ហានេះសម្តេចមានក្រុមតាមដានរាល់មតិលើបណ្តាញសង្គម ដែលអុជអាល និងមានចេតនាអាក្រក់បង្កចលាចលក្នុងសង្គម។

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់ប្រជាពលរដ្ឋកំពុងស្នាក់ក្នុងជម្រកបណ្តោះអាសន្នឱ្យជ្រាបថា ការស្នាក់នៅទីនេះរបស់ប្រជាពលរដ្ឋភៀសសឹក គឺជាដំណាក់កាលនៃការរង់ចាំ ដើម្បីឱ្យរាជរដ្ឋាភិបាលបន្តទាមទារទឹកដីរបស់យើងត្រឡប់មកវិញ ដោយសន្តិវិធី មិនមែនដណ្តើមមកវិញដោយកម្លាំងយោធានោះទេ៕