គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor /Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ (៩-១០ មិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខា អង្គរ។
កិច្ចប្រជុំបច្ចេកទេសនេះ ផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។
កិច្ចប្រជុំនេះដែរ ដឹកនាំដោយសហប្រធាន លោក NAGASE Kensuke អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក Pierre VINCENT ទទួលបន្ទុកបេសកកម្ម និងវប្បធម៌នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។
នៅក្នុងពិធីបើកកិច្ចប្រជុំនេះលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា បានសម្តែងនូវការគោរព និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់លោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលទទួលមរណភាពនៅថ្ងៃទី១ ខែមិថុនាកន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំសំខាន់មួយរូបរបស់អាជ្ញាធរជាតិអប្សរា ដែលកន្លងមក ឯកឧត្តមបានរួមចំណែកលើការងារបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងផ្នែកធនធានមនុស្ស នៅក្នុងស្ថាប័នជាតិមួយនេះ។ល។ ក្នុងនោះដែរ អ្នកចូលរួមក៏បានធ្មឹងធ្មាតគោរពវិញ្ញាណក្ខន្ធឯកឧត្តម ជុំ សុភមករា ផងដែរ។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២នេះដែរ ទាំងអ្នកជំនាញកម្ពុជា និងអន្តរជាតិនឹងពិភាក្សា និងពិនិត្យមើលរបាយការណ៍អភិរក្ស ដំណើរការជួសជុលប្រាសាទបុរាណ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ព្រមទាំងផ្ដល់អនុសាសន៍បច្ចេកទេសមួយចំនួនថែមទៀតផង។
បន្ថែមលើនេះស្មារតីនៃកិច្ចប្រជុំ ក៏បានបង្ហាញពីគោលបំណងសំខាន់ដោយផ្តោតទៅលើការអភិរក្សថ្មប្រាសាទបុរាណ និងគម្រោងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋាន ការធ្វើឱ្យមាននិរន្តរភាពបរិស្ថាន ព្រៃឈើ ព្រមទាំងគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញអភិរក្ស និងផ្នែកបច្ចេកទេសជាច្រើន៕



















