រដ្ឋមន្រ្តី ជា វ៉ាន់ដេត ដាក់ចេញគោលការណ៍៣ចំណុច ដល់មន្ដ្រីក្នុងការប្រើ AI ដោយហាមដាច់ខាត បញ្ចូលព័ត៌មានសម្ងាត់ជាតិ


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានដាក់ចេញគោលការណ៍ចំនួន៣ចំណុច ដល់មន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការប្រើ AI ដោយហាមដាច់ខាត ការបញ្ចូលព័ត៌មានសម្ងាត់របស់ជាតិ និងទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋទៅក្នុង AI។

ការដាក់ចេញគោលការណ៍ ចំនួន៣ចំណុចនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញជាធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល» សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. សរុប៩៩៣នាក់ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានដាក់ចេញគោលការណ៍ ដែលមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវប្រកាន់ខ្ជាប់ រួមមាន៖

* ការរក្សាការសម្ងាត់ទិន្នន័យ៖ ហាមដាច់ខាតការបញ្ចូលព័ត៌មាន សម្ងាត់របស់ជាតិ និងទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋទៅក្នុង AI សាធារណៈដោយខ្វះការត្រួតពិនិត្យឡើយ។
* ការផ្ទៀងផ្ទាត់៖ លទ្ធផលដែលបង្កើតដោយ AI ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ វិនិច្ឆ័យ និងកែសម្រួលដោយខ្លួនយើងផ្ទាល់ មុននឹងយកទៅប្រើប្រាស់ជាផ្លូវការ។
* ទំនួលខុសត្រូវ៖ AI ដើម្បីបង្កើនល្បឿន និងគុណភាពការងារ មិនមែនដើម្បីកាត់បន្ថយការទទួលខុសត្រូវរបស់យើងនោះទេ។ «AI គ្រាន់តែជាជំនួយការដ៏វៃឆ្លាតរបស់យើងទេ វាមិនមែនជាអ្នកសម្រេចចិត្តជំនួសមនុស្សនោះឡើយ»

រដ្ឋមន្រ្តី ជា វ៉ាន់ដេត កត់សម្គាល់ថា បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាធំ (Large Language Models) មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ, ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់និងកំពុងផ្លាស់ប្តូរ ទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ការប្រើប្រាស់ AI លែងជាជម្រើស ប៉ុន្តែជាភាពចាំបាច់។

យើងលែងសួរថាតើគួរ ឬមិនគួរប្រើប្រាស់ AI ប៉ុន្តែយើងត្រូវសួរថា តើត្រូវប្រើប្រាស់ AI យ៉ាងដូចម្ដេចឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងមានទំនួលខុសត្រូវខ្ពស់? នេះជាការបញ្ជាក់បន្ថែម របស់រដ្ឋមន្រ្តី ជា វ៉ាន់ដេត។

ដោយលើកយកសក្ខីភាព ពីលទ្ធផលប្រឡងដ៏ល្អរបស់មន្ត្រីរៀមច្បង និងមន្ត្រីដែលមានអាយុច្រើន លោករដ្ឋមន្ត្រី បានបញ្ជាក់ថា សមត្ថភាពឌីជីថលត្រូវបានកំណត់ដោយ «ឆន្ទៈ និងការបើកចិត្តរៀនសូត្រ» មិនមែនដោយអាយុនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តី ចាត់ទុកសុភមន្រ្តីរៀមច្បងទាំង១០រូប របស់ក្រសួងបានឆ្លងកាត់នូវការលំបាក និងការប្រែប្រួលជាច្រើនដំណាក់កាល ដោយរក្សាបាននូវភក្តីភាព ឆន្ទៈមោះមុត និងវិន័យវិជ្ជាជីវៈខ្ពស់ក្នុងការកសាង និងផ្ទេរបទពិសោធជូនអ្នកជំនាន់ក្រោយ ក្នុងគោលបំណងបម្រើដល់ផលប្រយោជន៍ជូនក្រសួង​ និងប្រទេសជាតិ ឱ្យកាន់តែល្អប្រសើរ ពីមួយជំនាន់ទៅមួយជំនាន់។

រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានថ្លែងថា «ការកសាងស្ថាប័នឱ្យមានភាពរឹងមាំ និងនិរន្តរភាព មិនអាចពឹងផ្អែកលើកម្លាំងរបស់ជំនាន់ណាមួយតែឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការ ផ្សារភ្ជាប់រវាងបទពិសោធ ចំណេះដឹង ការប្តេជ្ញាចិត្ត និងគុណតម្លៃរបស់រៀមច្បង ជាមួយនឹងភាពច្នៃប្រឌិត ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរបស់យុវជន»

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានប្រកាសថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹង៖
* បន្តរៀបចំ វគ្គបណ្ដុះបណ្ដាល AI កម្រិតខ្ពស់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ.
* ពង្រីកការបណ្ដុះបណ្ដាល AI ដល់ មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន និងក្រុមអ្នកសារព័ត៌មាន
* ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជំរុញអភិវឌ្ឍបញ្ញាសិប្បនិម្មិតក្រសួង ប.ទ.»

រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានឲ្យដឹងថា ការគិតគូររៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺត្រឹមត្រូវ និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់យក «បច្ចេកវិទ្យាឌីជីថល» ជាស្នូល និងជាយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន និងស្របទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគឺ «ការកសាងមូលធនមនុស្សឌីជីថលក្នុងវិស័យសាធារណៈ» ដើម្បីធានាឱ្យបាននូវការ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ភាពលឿនរហ័ស ងាយស្រួល ការចំណាយតិច និងមានតម្លាភាព៕