អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសមាជិកក្រុមសេវាដឹកជញ្ជូន បើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដំណើរ


ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកក្រុមសេវាដឹកជញ្ជូនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសមាជិកក្រុមសេវាដឹកជញ្ជូនក្នុងខេត្ត សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរផ្លូវគោក ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដំណើរផងដែរ។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានក្រុមសមាជិកសេវាដឹកជញ្ជូនខេត្តកំពង់ចាម បានថ្លែងថា ការជួបជុំសមាជិកសមាជិកាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព និងការចុះជួយគ្នាទៅវិញទៅមក ក្នុងរង្វង់គ្រួសារសមាជិក។

លោក សុខ លឹមហៀង បានឱ្យដឹងទៀតថា គិតមកដល់ពេលនេះ សមាជិក សមាជិកា សេវាដឹកជញ្ជូនខេត្តកំពង់ចាម មានចំនួនសរុបចំនួន ១០២នាក់ ដោយក្នុងរយៈពេលកន្លងមក ក្រុមសេវាដឹកជញ្ជូនសម្រេចបាន នូវសមិទ្ធផលសំខាន់ៗដូចជា បានធ្វើប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនដល់សមាជិកសរុបចំនួន ១០២នាក់ នឹងបានផ្ដល់មួកសុវត្ថិភាពជូនដល់សមាជិកគ្រប់គ្នា ព្រមទាំងរំលឹកបងប្អូនសមាជិកជាប្រចាំ ឲ្យពាក់មួកសុវត្ថិភាព បើកបរដោយការទទួលខុសត្រូវដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកធ្វើដំណើរ។ជាមួយគ្នានោះដែរ សមាជិកតែងតែសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្ដល់ព័ត៌មាន ឬជួយសម្រួលការងារនានា នៅតាមមូលដ្ឋានផងដែរ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីដោះស្រាយបញ្ហាខ្លះៗ ដើម្បីធានាឲ្យសកម្មភាពរបស់ក្រុមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ធ្វើដំណើរប្រកបដោយនិរន្តរភាព និងមានការរីកចម្រើន ពោលគឺជាក្រុមមួយដែលអាចជួយខ្លួនឯងបាន និងអាចជួយសមាជិកក្នុងក្រុមបានផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងអំពីអត្ថប្រយោជន៍ជាច្រើន សម្រាប់សមាជិក សមាជិកា ក្រុមសេវាដឹកជញ្ជូនខេត្តកំពង់ចាម ក្នុងនោះមានដូចជា មានអ្នកច្បាប់ជួយការពារ ប្រសិនបើជួបគ្រោះថ្នាក់ចរាចរណ៍, មានការជួយឧបត្ថម្ភថែមលើការខូចខាតមធ្យោបាយដឹកជញ្ជូន ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជាដើម។

លោកអភិបាលខេត្ត ក៏បានសំណូមពរឲ្យបងប្អូនសមាជិក សមាជិកា ក្រុមសេវាដឹកជញ្ជូនខេត្តកំពង់ចាមទាំងអស់ បន្ទាប់ពីទទួលបានមួកសុវត្ថិភាព សូមគោរពច្បាប់ចរាចរ បើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនផង និងអ្នកដំណើរផងដែរ៕