បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្រុងកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តស្កាត់ឆៀងចូលទៅកាន់ឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារប្រចាំថ្ងៃរបស់មន្រ្តីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងនៅសាលាឃុំឈូក។
នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលព័ត៌មានអំពីប្រភពមូលដ្ឋានដែលមានសារធាតុញៀនលក់យកមកប្រើប្រាស់ក្នុងឃុំឈូក តម្រូវការសន្លឹកសៀវភៅស្នាក់នៅ សេវាអត្តសញ្ញាណបណ្ណ តម្រូវការម៉ូតូប្រដេញបទល្មើស កន្លែងស្នាក់នៅរបស់មន្រ្តី ព្រមទាំងសំណូមពរ និងទស្សនៈដែលមន្រ្តីចង់ចូលរួមពង្រឹងកិច្ចការប៉ុស្តិ៍។
ឯកឧត្តមសូមចូលរួមអបអរសាទរអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋឃុំឈូកទាំងមូល ដែលទើបទទួលបានមន្រ្តីនគរបាលជាតិ ២រូប ជាកូនចៅអ្នកឃុំឈូកនេះផ្ទាល់ មកបំពេញការងារនៅប៉ុស្តិ៍នគរបាលឃុំ។ នេះជាផ្លែផ្កានៃកំណែទម្រង់ប៉ុស្តិ៍នគរបាល ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាថ្នាចង់បាន។
ក្រោយចេញពីប៉ុស្តិ៍នគរបាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានបន្តហួសចូលទៅជួបលោកអ៊ំមេឃុំ សមាជិកក្រុមប្រឹក្សា និងស្មៀនឃុំឈូក។ លោកបានផ្ដល់ការលើកទឹកចិត្តចំពោះទិដ្ឋភាពជាក់ស្ដែងនៅរដ្ឋបាលសាលាឃុំ ដែលទីធ្លាខាងក្រៅ និងកន្លែងបំពេញការងារខាងក្នុង មានសោភ័ណភាព និងរបៀបរៀបរយល្អ។
ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏ទទួលព័ត៌មានល្អៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃដែលសាលាឃុំបម្រើសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ក្នុងនោះក៏រួមទាំងសក្ដានុពល និងបញ្ហាប្រឈមក្នុងការងារបម្រើសេវា នៅយន្តការច្រកចេញចូលតែមួយឃុំដែរ។ ព័ត៌មានទាំងនេះ គឺជាធាតុចូលដ៏សំខាន់ សម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ជាតិ៕










