ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យងាកមកចាប់អារម្មណ៍ និងចុះឈ្មោះសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យបានច្រើនកុះករ ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ងាយស្រួលស្វែងរកការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។
ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះវិហារ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ ឯកឧត្តម គីម រិទ្ធី បានលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ឱ្យងាកមកចាប់អារម្មណ៍ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងឱកាសការងារកាន់តែប្រសើរ ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន»។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារនឹងបន្តជំរុញកិច្ចសហការជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធនានា ដើម្បីពង្រីកឱកាសការងារក្នុងមូលដ្ឋាន និងធានាថា សិក្ខាកាមដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានពហុបច្ចេកទេស និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងខេត្ត អាចទទួលបានការងារធ្វើ និងមានប្រាក់ចំណូលជាក់ស្តែង។
ឯកឧត្តម គីម រិទ្ធី បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារនឹងបន្តជំរុញ និងសហការជាមួយគ្រប់វិស័យឯកជន ដើម្បីបង្កើតឱកាសការងារក្នុងស្រុក ធានាថាប្អូនៗដែលរៀនចប់ជំនាញពីវិទ្យាស្ថានពហុបច្ចេកទេសខេត្ត នឹងមានការងារធ្វើ និងមានប្រាក់ចំណូលជាក់ស្តែង ស្របតាមយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានលើកឡើងថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជំរុញឱ្យយុវជនចាប់យកជំនាញសម្រាប់បំពេញតម្រូវការទីផ្សារការងារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិបច្ចុប្បន្ន៕





































