រដ្ឋមន្រ្តីសុខាភិបាល៖ ការសាងសង់អគារវះកាត់ព្យាបាលកុមារនាពេលនេះ មិនត្រឹមជាការកសាងអគារថ្មីប៉ុណោះទេ តែជាការកសាងអនាគតកម្ពុជាផងដែរ


ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបើកការដ្ឋានសាងសង់អគារវះកាត់កុមារថ្មីនៃមន្ទីរពេទ្យកុមារជាតិនាពេលនេះ មិនត្រឹមតែការកសាងអគារថ្មីមួយប៉ុណ្ណោះទេ តែជាការកសាងអនាគតកម្ពុជា ព្រោះថាអគារថ្មីដែលរឹងមាំល្អ ធំទូលាយ បំពាក់នូវបរិក្ខារពេទ្យទំនើប ជាមួយគ្រូពេទ្យជំនាញ មានសមត្ថភាព និងគុណភាព នឹងបម្រើសេវាសុខាភិបាលដល់កុមារកម្ពុជា ដែលជាទំពាំងស្នងឬស្សីប្រកបដោយសុវត្ថិភាព ។ដូច្នេះការកសាងអគារនេះ គឺជាការកសាងនូវធនធានសង្គម វប្បធម៌ និងប្រទេសជាតិយើងទៅថ្ងៃអនាគត។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់អគារសល្យសាស្ដ្រកុមារ (អគារវះកាត់កុមារ) នៃមន្ទីរពេទ្យកុមារជាតិ ដែលមានកម្ពស់​៤ជាន់ ចំណាយថវិកាសរុប ជាង ៥លានដុល្លារ ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ ពិធីនេះបានប្រព្រឹត្ដទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមសាសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ថ្ងៃនេះមិនមែនគ្រាន់តែជាការកសាងអគារមួយប៉ុណ្ណោះទេ គឺការកសាងនូវអនាគតរបស់កម្ពុជាតែម្តង។ ដូច្នេះខ្ញុំសូមឱ្យនិមិត្តផលទាំងនេះ ក្លាយទៅជាសមិទ្ធផលមួយ ដែលស្ថិតស្ថេរគង់វង្សយូរអង្វែង មិនថាត្រឹមតែអគារនេះទេ។ អគារនេះអាចនឹងចាស់ទ្រុឌទ្រោមទៅពេលក្រោយ ក៏ប៉ុន្តែផលដែលបានមកពីការសាងសង់នេះ ដំណើរការនៃការព្យាបាលនេះ គឺថាស្ថិតស្ថេរសម្រាប់មនុស្សតជំនាន់»។

ឯកឧត្តមសាស្ដ្រាចារ្យបានគូសរម្លឹកទៀតថា «ការធ្វើបុណ្យគឺមានច្រើនណាស់ តែថ្ងៃនេះយើងលើកយកចំណុចមួយជាអាទិភាព គឺការសង្គ្រោះអាយុជីវិតទារក និងកុមារនេះ គឺពិតផលបុណ្យមួយដ៏វិសេសវិសាលភាពខ្លាំងណាស់»។ ដូច្នេះក្នុងឱកាសនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តោតការយកចិត្តទុកដាក់លើការសង្គ្រោះជីវិត។ នេះជានិមិត្តរូបនៃសេចក្តីស្រលាញ់ដ៏បរិសុទ្ធប្រកបដោយបេះដូងមនុស្សធម៌ និងការគាំទ្រលើវិស័យសុខាភិបាលកន្លងមក និងទៅអនាគត ពិសេសការជួយពង្រឹងគុណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស។

ជាមួយគ្នានេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបន្ដណែនាំដល់គ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវផ្តល់អាទិភាពនៃការគិតគូរលើការអភិវឌ្ឍន៍លើការបម្រើសេវាដល់កុមារ ទារកជាពិសេស ឱ្យកាន់តែប្រសើរថែមទៀត នៅគ្រប់មន្ទីរពេទ្យទាំងឡាយ ដោយកុមារ ទារក គឺជាអនាគតរបស់ប្រទេសជាតិ។ លើសពីនោះជំរុញដល់មន្ទីរពេទ្យ ត្រូវរៀបចំផែនការទុកជាមុន ប្លង់រួម សំណង់អគារ ផែនការនៃដំណើរការ ការអភិវឌ្ឍមន្ទីរពេទ្យរបស់ខ្លួន និងផលដែលទទួលបានមកវិញកម្រិតណា ដើម្បីជាការកៀរគរ ការវិយោគវិស័យសាធារណៈ និងដៃគូអភិវឌ្ឍងាយស្រួលក្នុងការចូលរួម និងឧបត្ថម្ភគាំទ្រ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនទៀត ដើម្បីពង្រឹងគុណភាពសេវា ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព និងជាទីទុកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

មុននឹងបញ្ចប់ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងអរគុណថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល មន្ទីរពេទ្យកុមារជាតិគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន លះបង់មិនគិតពីភាពនឿយហត់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បម្រើសេវាសុខភាព ជូនប្រជាជ​នជាពិសេស ក្នុងការសង្គ្រោះជីវិតកុមារជាសសរទ្រូងរបស់ប្រទេសជាតិ។

សូមជម្រាប់ថា អគារសល្យសាស្រ្តកុមារនៃមន្ទីរពេទ្យ​កុមារជាតិ ដែលត្រូវបានសាងសង់នាពេលនេះ មានទំហំ ៣,២៨៧ម៉ែត្រការ៉េ បណ្តោយ ២៩.៩ម៉ែត្រ ទទឹង២៣.៦ម៉ែត្រ កម្ពស់ ២០.៤ ម៉ែត្រ កម្ពស់៤ជាន់ (ទាំងជាន់ផ្ទាល់ដី) រួមទាំងការបំពាក់សម្ភារៈបរិក្ខារចាំបាច់ ដែលសរុបជាទឹកប្រាក់ចំនួន ៥,២០០,០០០ដុល្លាអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧ ក្នុងគម្រោងពង្រឹងសមត្ថភាពផ្នែកវះកាត់នៃមន្ទីរពេទ្យកុមារ។ តាមរយៈអាគារនេះ នឹងក្លាយជាការ​ធ្វើនវានុវត្តន៍បន្ថែមទៀត ក្នុងការបម្រើសេវា​សុខភាព ប្រកបដោយគុណភាព ទំនើបកម្មបរិក្ខារពេទ្យ និងសេវាកម្ម សំដៅ​ធ្វើឱ្យប្រសើរឡើងសុខភាព​កុមារ និងសុខុមាលភាពប្រជាជនកម្ពុជា៕