កម្ពុជា-មីយ៉ាន់ម៉ា ពិភាក្សាជំរុញការទូតម្ហូបអាហារ និងទេសចរណ៍បែបសាសនា ពង្រឹងចំណងមិត្តភាព និងលំហូរភ្ញៀវទេសចរ


ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញទស្សនកិច្ចស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងយ៉ាងហ្គូន និងជួបសំណេះសំណាលជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចំាមីយ៉ាន់ម៉ា មន្ត្រីការទូត និងបុគ្គលិកស្ថានទូ ដែលកំពុងបំពេញបេសកកម្មការទូត ព្រមទាំងតំណាងវិនិយោគិនកម្ពុជា នៅទីក្រុងយ៉ាងហ្គូន។

ក្នងឱកាសជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីស្ថានទូតទាំងអស់ ដែលកំពុងបំពេញភារកិច្ចក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រមទាំងវិនិយោគិនកម្ពុជាដែលកំពុងប្រកបអាជីវកម្ម។

តាមរយៈចំណងមិត្តភាព ការទូតល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ាដែលសុទ្ធតែជាប្រទេសដែលមានវប្បធម៌ អរិយធម៌ស្រដៀងគ្នាច្រើន ជាពិសេសគឺគោរពព្រះពុទ្ធសាសនារួមគ្នា ដែលពិតជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍទេសចរណ៍បែបសាសនា ព្រមទាំងការលើកកម្ពស់ម្ហូបអាហារជាតិឱ្យក្លាយជាការទូតដ៏មានប្រសិទ្ធភាពសម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើស្ថានទូតកម្ពុជាជួយជំរុញការទូតម្ហូបអាហារ (Gastronomy Diplomacy) និងទេសចរណ៍បែបសាសនា (Religious Tourism) ដែលជាផលិតផលទេសចរណ៍កម្ពុជាមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជានៅទីផ្សារមីយ៉ាន់ម៉ា ថែមទាំង បានលើកទឹកចិត្តឱ្យស្ថានទូតបន្តសហការជាមួយដៃគូពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជន ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារ និងបេតិកភណ្ឌសាសនារបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយនៅទីផ្សារមីយ៉ាន់ម៉ា៕