សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីថ្វាយព្រះពរជ័យសិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមមជាគណអធិបតីពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងដោយមាននិមន្តពីព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈ និមន្តចម្រើនព្រះបរិត្ត ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមព្រះរាជប្បវេណី និងតាមគន្លងព្រះពុទ្ធសាសនា និងមានការអញ្ចើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ៤៤៨អង្គ/នាក់នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
នាឱកាសនោះឯកឧត្តម សុខ លូ និងមន្រ្តីរាជការនៃរដ្ឋបាលបាលខេត្តបាត់ដំបង មានសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។
ក្នុងវរោកាសដ៏មហាប្រសើរថ្លៃថ្លានេះ ឯកឧត្តម សុខ លូ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ តែងតែបានយ៉ាងដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរម រតន កោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះ ជាតិ មាតុភូមិ។
ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជូបត្ថម្ភ គាំទ្រកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។
សូមជម្រាបជូនថា ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំទេយ្យទានសម្រាប់ប្រគេន ព្រះមន្ត្រីសង្ឃចំនួន ៩អង្គ ក្នុង ១អង្គ ប្រគេន៖ កន្ត្រកផ្លែឈើ ១កន្ត្រក, ចង្ហាន់ និងបង្អែម ១ស្រាក់, ទឹកក្រូច ២កេស,ទឹកបរិសុទ្ធ ២កេស និងបច្ច័យ ១០ម៉ឺនរៀលផងដែរ៕





























