នៅថ្ងៃអង្គារទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអនុញ្ញាឱ្យឯកឧត្តម គីម ឆាងយ៉ូង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ស្ថិតនៅសាលប្រជុំសាលាខេត្ត។
ក្នុងជំនួបនេះក៏មានការអញ្ជេីញចូលរួមពីប្រតិភូអមដំណេីរឯកឧត្តមឯកអគ្គរដ្ឋទូតស្ថានទូតកូរ៉េប្រចាំកម្ពុជា លោកអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិបាវិត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ទៅកាន់ឯកឧត្តម គីម ឆាងយ៉ូង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីទីតាំងភូមិសាស្ត្រ និងសក្តានុពលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន ព្រមទាំងបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះដំណើរបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀងនាឱកាសនេះ ដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងខេត្តស្វាយរៀង និងប្រទេសកូរ៉េ។ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីកិច្ចការងារក្នុងការអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសហការបង្ក្រាបបទល្មេីសស្គែមអនឡាញនៅតាមទីតាំងនិងមូលដ្ឋាននានាអោយដល់ឬសគល់នៅក្នុងខេត្តផងដែរ។ ឯកឧត្តអភិបាលខេត្តបានសំណូមពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េលេីការពង្រឹងពង្រីកភាពជាដៃគូវិនិយោគមកពីប្រទេសកូរ៉េបន្ថែមទៀត មកបណ្តាក់ទុនវិនិយោគនៅលេីទឹកដីខេត្តស្វាយរៀង ដេីម្បីចូលរួមលេីកកម្ពស់ជីវភាព ក៏ដូចជាផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះកន្លងមកអង្គការដៃគូនានាមកពីកូរ៉េ ក៏បាននាំមកនូវជំនួយផ្សេងៗជួយដល់ខេត្តស្វាយរៀង ជាបន្តបន្ទាប់ថែមទៀតផង។ ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងនាមរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ដៃគូវិយោគទាំងអស់ដែលមានវត្តមាននៅខេត្តស្វាយរៀងផងដែរ។








































