ជំនួបសម្តែងកា​រគួរសម​ និងពិភាក្សាការងាររវាងឯកឧត្តម​អភិបាលខេត្តស្វាយរៀង​ និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនូវព្រះរាជាណាចក្រកម្ពុជា


នៅថ្ងៃអង្គារទី១៦ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​បានអនុញ្ញាឱ្យឯកឧត្តម គីម ឆាងយ៉ូង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា​ ចូលជួបសម្តែងកា​រគួរសមនិងពិភាក្សាការងារ​ ស្ថិតនៅសាលប្រជុំសាលាខេត្ត។
ក្នុងជំនួបនេះក៏មានការអញ្ជេីញចូលរួមពីប្រតិភូអមដំណេីរឯកឧត្តមឯកអគ្គរដ្ឋទូតស្ថានទូតកូរ៉េប្រចាំកម្ពុជា​ លោកអភិបាលរងខេត្ត​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត​ លោកស្នងការ​ ស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត​ លោកប្រធានមន្ទីរព័ត៌មានខេត្ត​ លោកអភិបាលក្រុងបាវិត​ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ទៅកាន់ឯកឧត្តម គីម ឆាងយ៉ូង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា​ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីទីតាំងភូមិសាស្ត្រ​ និងសក្តានុពលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន​ ព្រមទាំងបានសម្តែងនូវការស្វាគមន៍​ និងថ្លែងអំណរគុណចំពោះដំណើរបំពេញទស្សនកិច្ចនៅខេត្តស្វាយរៀង​នាឱកាសនេះ​ ដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងខេត្តស្វាយរៀង និងប្រទេសកូរ៉េ​។ ក្នុងនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីកិច្ចការងារក្នុងការអនុវត្តនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមសហការបង្ក្រាបបទល្មេីសស្គែមអនឡាញ​នៅតាមទីតាំងនិងមូលដ្ឋាននានាអោយដល់ឬសគល់​នៅក្នុងខេត្តផងដែរ​។​ ឯកឧត្តអភិបាលខេត្តបានសំណូមពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េលេីការពង្រឹងពង្រីកភាពជាដៃគូវិនិយោគមកពីប្រទេសកូរ៉េបន្ថែមទៀត​ មកបណ្តាក់ទុនវិនិយោគនៅលេីទឹកដីខេត្តស្វាយរៀង​ ដេីម្បីចូលរួមលេីកកម្ពស់ជីវភាព​ ក៏ដូចជាផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា​។ ក្នុងនោះកន្លងមកអង្គការដៃគូនានា​មកពីកូរ៉េ ក៏បាននាំមកនូវជំនួយផ្សេងៗជួយដល់ខេត្តស្វាយរៀង​ ជាបន្តបន្ទាប់ថែមទៀតផង​។​ ឯកឧត្តមបញ្ជាក់ទៀតថា​ ក្នុងនាមរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ដៃគូវិយោគទាំងអស់ដែលមានវត្តមាននៅខេត្តស្វាយរៀងផងដែរ។