ឯកឧត្តម ហ៊ុន ម៉ានី រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព និងឥស្សរជនអ្នកស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ


បន្តពីសកម្មភាពដើរថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយអនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ព និងឥស្សរជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយ ស្ថិតក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម ខេត្តត្បូងឃ្មុំ។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាព ព្រមទាំងការលះបង់ដ៏ធំធេងរបស់វីរកងទ័ព ឥស្សរជនអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីបុព្វហេតុជាតិ សន្តិភាព និងអនាគតរបស់ប្រជាជនកម្ពុជា។

ការរំឭកនេះ មិនត្រឹមតែជាការសម្ដែងនូវកតញ្ញូតាធម៌ចំពោះអ្នកដែលបានពលីកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់យុវជនជំនាន់ក្រោយ ក្នុងការចងចាំប្រវត្តិសាស្ត្រ ថែរក្សាសន្តិភាព និងបន្តកសាងអនាគតកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខ៕