ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាល ជាមួយសាខាបក្ស ប្រធានក្រុមបក្ស គ្រួសារបក្ស និងយុវជនបក្សចំនួន ៤ភូមិ សរុបចំនួន ៩៤២នាក់ស្ថិតនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ


នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល​ និងថ្លែងអំណរគុណ​ ជាមួយសាខាបក្ស ប្រធានក្រុមបក្ស គ្រួសារបក្ស និងយុវជនបក្ស សរុបចំនួន ៩៤២នាក់ មកពីភូមិចំនួន ៤ក្នុងភូមិសាស្រ្ដឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ពិធីនេះបានប្រព្រឹត្តទៅនៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១មាន២ភូមិគឺ ភូមិស្ពានពោធិ មានសមាជិកតំណាងគ្រួសារបក្សចូលរួម ៣០៥នាក់ និងភូមិថ្លុកឬស្សី មានសមាជិកតំណាងគ្រួសារបក្សចូលរួម ២៦៤នាក់ និងទីតាំងទី២ ស្ថិតនៅក្នុងបរិវេណវត្តសេដ្ឋី ភូមិវត្តសេដ្ឋី មានសមាជិកតំណាងគ្រួសារបក្សចូលរួម ២៣៨នាក់ និងភូមិអង្គ្រង មានសមាជិកតំណាងគ្រួសារបក្សចូលរួម ១៣៥នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក សួង ហុង ប្រធានគណៈកម្មាធិការគណបក្សឃុំសេដ្ឋី ស្ដីពីលទ្ធផលការងារ ស្ថានភាពភូមិសាស្ត្រ វឌ្ឍនភាពនៃការងារពង្រឹង និងកសាងកម្លាំងរបស់សាខាបក្សភូមិទាំងបួនរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងនូវអំណរគុណ​ និងការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមាជិកបក្សនៃភូមិទាំងបូនដែលផ្តល់ការស្រឡាញ់ ជឿជាក់និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា ព្រមទាំងពរជ័យសព្ទសាធុការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ ឬទ្ធិសែន បានជម្រាបជូនពីគុណបំណាច់ និងសមិទ្ធផលដ៏ធំធេងរបស់គណបក្សដែលបាននាំមកនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀតលើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអំពាវនាវដល់សមាជិកបក្សទាំងអស់ បន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃនៃសន្តិភាព ដែលបានមកដោយការយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ព្រមទាំងត្រូវថែរក្សា “សន្តិភាព”ឱ្យបានគង់វង្សជាដាច់ខាត ទោះបីបង់ក្នុងតម្លៃណាក៏ដោយ ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអំពាវនាវដល់សមាជិកទាំងអស់ សូមបន្តការជឿជាក់ និងគាំទ្រលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធិសភា ព្រមទាំងគាំទ្រ និងជឿជាក់លើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការបន្តវេនដឹកនាំអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត ។ ឯកឧត្តម បានសម្ដែងការកោតសរសើរនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនៅសមរភូមិមុខក្នុងការប្រយុទ្ធការពារបូរណភាពទឹកដី ព្រមទាំងបានធ្វើការថ្លែងអំណរគុណចំពោះក្រុមគ្រួសារបស់វីរកងទ័ពគ្រប់រូបដែលបានអនុញ្ញាតឱ្យប្តី ប្អូននិងកូន ទៅបំពេញភារកិច្ចក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាននៅតាមបណ្តោយព្រំដែន និងបានអំពាវនាវដល់សមាជិកទាំងអស់ បន្តចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ដើម្បីលើកទឹកចិត្តដល់កងកម្លាំងកម្ពុជាយើង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងដើម្បីបង្ហាញនូវស្មារតីរួបរួមជាធ្លុងមហាសាមគ្គីជាតិ ដែលជាខឿនការពារជាតិដ៏រឹងមាំជាមួយប្រជាជននៅទូទាំងប្រទេស សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឈានទៅទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៨ នៃរដ្ឋសភា ឆ្នាំ២០២៨ នាពេលខាមុខ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានផ្ដល់នូវអនុសាសន៍ដល់សាខាបក្ស ប្រធានក្រុមបក្ស គ្រួសារបក្ស និងយុវជនបក្សភូមិអញ្ជើញទៅបោះឆ្នោតនៅតាមមណ្ឌលរបស់ខ្លួនដូចមានចែងក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺសមាជិកម្នាក់ ស្មើនឹងសម្លេង គាំទ្រ ១សន្លឹក៕