ឯកឧត្តម កែវ រ៉េមី ផ្តាំផ្ញើមន្ត្រីខេត្តពោធិ៍សាត់៖ «ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គឺជាការលើកកម្ពស់សិទ្ធិមនុស្សដ៏ពិតប្រាកដ»


(ពោធិ៍សាត់)៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងសិក្ខាកាមយ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់ខេត្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ពីជោគជ័យសំខាន់ៗ រួមមាន៖ ការរៀបចំសោភ័ណភាពទីក្រុងឱ្យមានភាពស្រស់ស្អាត, ការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់វិស័យកសិកម្ម និងការធានាសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

ថ្លែងក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្តម កែវ រ៉េមី បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ខូយ រីដា ដែលបានខិតខំប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជា «ខេត្តគំរូ» ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ខេត្តពោធិ៍សាត់ដែលគ្មានសំរាមតាមដងផ្លូវ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ដែលនេះហើយគឺជាការលើកកម្ពស់សិទ្ធិរស់នៅក្នុងបរិស្ថានស្អាត និងមានសុខភាពល្អ»

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីគោលបំណងសំខាន់ៗ នៃសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិនេះ គឺដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារសិទ្ធិមនុស្ស និងបំពេញកាតព្វកិច្ចជាសមាជិកអង្គការសហប្រជាជាតិ ព្រមទាំងមានគោលដៅបញ្ជ្រាបការយល់ដឹងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការចូលរួមអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម កែវ រ៉េមី បានជម្រាបជូនថា កម្ពុជាបានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) តាំងពីឆ្នាំ១៩៩២។ រាជរដ្ឋាភិបាលបានដាក់របាយការណ៍ចំនួន ៣លើករួចមកហើយ (ចុងក្រោយនៅឆ្នាំ២០១៩) ហើយគ្រោងដាក់របាយការណ៍បន្ទាប់នៅឆ្នាំ២០២៩។ បច្ចុប្បន្នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កំពុងបន្តពង្រីកយុទ្ធនាការផ្សព្វផ្សាយរបាយការណ៍នេះទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០២៦នេះ គឺផ្តោតលើខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង។ ឯកឧត្តម បានអះអាងពីភាពបើកចំហនៃនយោបាយនៅកម្ពុជា (មានគណបក្ស១៨ចូលរួមបោះឆ្នោតឆ្នាំ២០២៣) ព្រមទាំងការកើនឡើងយ៉ាងខ្លាំងនូវចំនួនសហជីព សមាគម អង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់។

ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ គ.ស.ម.ក. បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយដាក់ពាក្យបណ្តឹង ៦០ច្បាប់ និងដឹកនាំគណៈប្រតិភូទៅតវ៉ាការពារការពិតនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN (ទីក្រុងហ្សឺណែវ) កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ពីគោលជំហររដ្ឋាភិបាល៖ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ជាក់ស្តែងកម្ពុជាគ្មានទោសប្រហារជីវិត)។ រាល់ការវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនភ្ជាប់របៀបវារៈនយោបាយ និងត្រូវឈរលើបរិបទប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ពិតប្រាកដរបស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានផ្តល់នូវប្រសាសន៍ផ្តាំផ្ញើ និងណែនាំយ៉ាងមុតមាំ ដល់មន្ត្រីរាជការទូទាំងខេត្ត៖
ទី១-ត្រូវបម្រើប្រជាពលរដ្ឋដោយចិត្តស្មោះត្រង់ បំពេញការងារដោយតម្លាភាព និងមិនត្រូវមានការរើសអើងឡើយ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសិទ្ធិស្មើគ្នាក្នុងការទទួលសេវាសាធារណៈពីស្ថាប័នរដ្ឋ។
ទី២-មន្ត្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តច្បាប់សិទ្ធិមនុស្ស ដោយឈរលើគោលការណ៍ច្បាប់ជាតិ និងបរិបទជាក់ស្តែងនៃសង្គមខ្មែរ ដើម្បីជៀសវាងការបកស្រាយភ័ន្តច្រឡំពីសំណាក់ក្រុមអគតិមួយចំនួន។
ទី៣-ត្រូវចងចាំជានិច្ចថា «សិទ្ធិមនុស្សមិនអាចមានវត្តមានឡើយ បើគ្មានសន្តិភាព»។ ដូច្នេះមន្ត្រីគ្រប់រូបត្រូវក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។
ទី៤-ត្រូវចេះសហការគ្នាជាធ្លុងមួយ ចុះជាប់ជាមួយមូលដ្ឋាន ដើម្បីស្វែងយល់ ស្តាប់មតិ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕