រដ្ឋមន្រី្តក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្រ្ដីក្រសួងធនធានទឹក ដឹកនាំប្រតិភូចុះទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ


(កោះកុង)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ។

គោលបំណងនៃទស្សនកិច្ចនេះគឺដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដើម្បីរៀបចំជារបៀងគោលដៅលំហែបៃតង តភ្ជាប់តំបន់សក្ដានុពលនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺជាពិសេសតំបន់ទាក់ទាញនានានៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិជួរភ្នំក្រវាញ។

ការពង្រឹងគោលដៅលំហែបៃតងនៅឧទ្យានជាតិជួរភ្នំក្រវាញ នឹងជួយលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរ និងពង្រឹងការការពារធនធានធម្មជាតិ រួមទាំងការអភិរក្សជីវចម្រុះនៅក្នុងតំបន់គោលដៅខាងលើផងដែរ៕