អភិបាលខេត្តតាកែវ ប្រាប់មន្ដ្រីបើកចិត្តឲ្យទូលាយទទួលយកការរិះគន់ ដើម្បីស្ថាបនា និងកែលម្អ


នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីតួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ «មតិយើង» នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់មន្ដ្រីក្រោមឱវាទ ត្រូវបើកចិត្តឲ្យទូលាយក្នុងការទទួលយកមតិរិះគន់ សំដៅធ្វើយ៉ាងណាកែលម្អ ចំណុចខ្វះខាតដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អថែមទៀត។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្តថា ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋតាមបណ្ដាញសង្គម ក្នុងន័យស្ថាបនា អាជ្ញាធខេត្ត និងមន្ដ្រីពាក់ព័ន្ធទទួលយកដោយគ្មានទោមនស្សនោះទេ និងបានចាត់ទុកថា ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវថែមទៀតផង ប៉ុន្តែការរិះគន់បែបជេប្រមាថ អាជ្ញាធរមិនអាចទទួលយកបានទេ ព្រោះជាបទល្មើសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានស្នើសុំឲ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ និងអាជ្ញាធមូលដ្ឋានត្រូវជំរុញ និងណែនាំពីការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានជាពិសេសប្រជាពលរដ្ឋ ចេះប្រើប្រាស់បានស្ទាត់ដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើការវាយតម្លៃពីការផ្ដល់សេវាសាធារណៈ ការដាក់ពាក្យបណ្ដឹង និងស្នើសុំដំណោះស្រាយផ្សេងៗ ពីអាជ្ញាធរមូលដ្ឋានដោយភាពសម្ងាត់ និងរហ័សទាន់ចិត្តថែមទៀតផង៕