អភិបាលខេត្តកំពង់ចាម អញ្ជើញបើកកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកប្រជាពលរដ្ឋឥតគិតថ្លៃ រយៈពេល២ថ្ងៃ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដោយឥតគិតថ្លៃ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។

កម្មវិធីមនុស្សធម៌ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាងរដ្ឋបាលខេត្តកំពង់ចាម សភាពាណិជ្ជកម្មខេត្តកំពង់ចាម និងក្រុមគ្រូពេទ្យឯកទេសភ្នែកដ៏ជំនាញមកពីវិទ្យាស្ថានភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី (Nepal Netra Jyoti Lumbini Eye Institute) ក្រោមការដឹកនាំផ្ទាល់របស់ឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំកម្ពុជា។ ពិធីបើកកម្មវិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការជួបជុំគ្នាដ៏មានន័យនៅថ្ងៃនេះ គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកក្នុងសង្គម ដែលស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរអំពីសុខមាលភាពសង្គម ជាពិសេសគឺការលើកកម្ពស់គុណភាពជីវិត និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅនេះ សម្ដេចធិបតីបានខិតខំដាក់ចេញនូវកម្មវិធីនយោបាយជាច្រើន ជាពិសេសគឺការបង្កើតនូវភាពជាដៃគូដ៏រឹងមាំ ពោលគឺការជំរុញឱ្យរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចាប់ដៃគូជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដើម្បីនាំមកនូវការការពារ រក្សាបាននូវអត្ថប្រយោជន៍ និងផ្ដល់សេវាចាំបាច់នានាជូនដល់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះហើយ ទើបថ្ងៃនេះមានវត្តមានក្រុមគ្រូពេទ្យឯកទេសភ្នែកដ៏ជំនាញមកពីប្រទេសនេប៉ាល់ ដែលដឹកនាំដោយឯកអគ្គរដ្ឋទូតនេប៉ាល់ប្រចាំកម្ពុជា គឺជាការចាប់ដៃគូដ៏ល្អប្រសើរជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្រោមឆ័ត្រនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍ដ៏ធំធេងរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខភាពភ្នែកដោយឥតគិតថ្លៃ។

ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ការដែលប្រជាពលរដ្ឋមានសុខភាពល្អ គឺជាការចំណេញថវិកាដ៏ច្រើនក្នុងការចំណាយទៅលើការព្យាបាលសុខភាព។ ការទទួលបានសេវាពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃនេះ នឹងជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែងរកសេវាព្យាបាលឯកជន។ អត្ថប្រយោជន៍ទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជួយថែរក្សាសុខភាពឱ្យបានល្អប្រសើរ។ នៅពេលដែលប្រជាពលរដ្ឋមានសុខភាពល្អ មិនមានជំងឺរ៉ាំរ៉ៃ ពួកគេអាចសល់ថវិកាសម្រាប់សន្សំ និងយកទៅពង្រីកមុខរបរ ឬអាជីវកម្មខ្នាតតូចរបស់ខ្លួន ដើម្បីលើកកម្ពស់កម្រិតជីវភាពនៅក្នុងគ្រួសារឱ្យកាន់តែមានភាពប្រសើរឡើង។

កម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកឥតគិតថ្លៃនេះ មិនត្រឹមតែផ្ដល់នូវការព្យាបាលជាក់ស្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបានការប្រឹក្សាយោបល់អំពីការថែរក្សាសុខភាពភ្នែកឱ្យបានត្រឹមត្រូវ និងបង្ការជំងឺភ្នែកផ្សេងៗផងដែរ។ នេះគឺជាសក្ខីភាពមួយដែលបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងធានាថាសេវាសុខភាពប្រកបដោយគុណភាព អាចទៅដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ឋានៈ ឬទីកន្លែងឡើយ។ តាមរយៈកិច្ចសហការដ៏ល្អនេះ ខេត្តកំពង់ចាមនឹងបន្តទទួលបាននូវគម្រោងមនុស្សធម៌ជាច្រើនទៀត ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនាពេលអនាគត៕