លោកអ្នកឧកញ៉ា ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្រុកប្រាសាទបល្ល័ង្ក និងចែកម៉ូតូ១៧គ្រឿង ជូនក្រុមការងារបក្ស


នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់ និងជាបេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា​ប្រធាន​​ក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញដឹក​នាំ​កិច្ច​ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៦ ឆ្នាំ២០២៧ នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

កិច្ចប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាកិច្ចប្រជុំសារសំខាន់ចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សឃុំទាំង៧ នៃ​ស្រុកប្រាសាទបល្ល័ង្ក ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជោគ​ជ័យក្នុង​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនោះលោកអ្នកឧកញ៉ា ទ្រី ភាព បានណែនាំ និងជំរុញដល់ក្រុមការងារ និងសមាជិក​បក្សក្នុងឃុំទាំង៧នៅស្រុកប្រាសាទបល្ល័ង្ក ត្រូវធ្វើសកម្មភាពព្រមៗគ្នានៅតាមភូមិ។ ជាពិសេស​ត្រូវពិនិត្យសមាជិកបក្សដែលគ្រប់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោត ពន្យល់ពីសារៈ​សំខាន់​នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ហើយជំរុញឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

ក្នុងឱកាសនោះ ដើម្បីសម្រួលដល់សកម្មភាពការងារ ក៏ដូចជាការចុះជួបសំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋរបស់មន្ត្រីគណបក្សឃុំ និងគណបក្សស្រុក លោកអ្នកឧកញ៉ាប្រធានក្រុម​ការ​ងារ បានឧបត្ថម្ភនូវម៉ូតូម៉ាក Honda Wave ឆ្នាំ២០២៦ ចំនួន ១៧គ្រឿង។ ក្នុងនោះគណ​បក្ស​ឃុំនីមួយៗទទួលបានម៉ូតូ ២គ្រឿង និងគណបក្សស្រុកទទួលបានចំនួន ៣គ្រឿង។

ក្រៅពីការផ្តល់មធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា ក៏បានឧបត្ថម្ភ​ជូន​នូវថវិកាមួយចំនួនបន្ថែមទៀត សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាល និងចាត់ចែង​ក្នុង​សកម្ម​​ភាពផ្សេងៗរបស់គណបក្សស្រុក-ឃុំ ព្រមទាំងបានរៀបចំអាហារសាមគ្គី ដើម្បីបង្កើន​ភាពស្និទ្ធស្នាលក្នុងមហាគ្រួសារបក្ស បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ទៅ។

លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បាននាំយកនូវអំណោយមួយចំនួន ចែកជូនដល់ថ្នាក់ដឹកនាំ​គណបក្សស្រុក-ឃុំ និងសមាជិក សមាជិកាបក្សដែលបានអញ្ជើញចូលរួមផ្ទាល់សរុបប្រមាណ ២៧២នាក់។ សូមបញ្ជាក់ថា ការចំណាយក្នុងកម្មវិធី ការឧបត្ថម្ភ​ម៉ូតូ​ចំនួន ១៧គ្រឿង រួមទាំង​អំណោយនានា សរុបជាថវិកាមានចំនួន ៨១៥.០០០.០០០រៀល៕