ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិព័រណ៍ម្ហូបអាហារ នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូជាច្រើនទសវត្សរ៍


ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសផ្លូវថ្មើរជើងចតុមុខ ជាទីតាំងរៀបចំពិធីអបអរសាទរ រំលឹកខួបលើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ដោយមានការតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក បើកជាសាធារណៈ នាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Aleksandra Zittle ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការដើរទស្សនាស្តង់ និងភ្លក់ម្ហូបអាហារអាមេរិកផងដែរ។

ព្រឹត្តិការណ៍នេះ បានបង្ហាញពីស្មារតីយូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ភាពច្នៃប្រឌិត និងនយោបាយការទូត ព្រមទាំងបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាឱ្យកាន់តែរឹងមាំ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការប្រារព្ធខួបលើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិកនេះ ធ្វើឡើងត្រឹមតែ៥ថ្ងៃបន្ទាប់ពីខួបទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក គម្រប់៧៦ឆ្នាំ ដែលត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០។

ឯកឧត្តមបានបន្តថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កំពុងវិវឌ្ឍទៅក្នុងទិសដៅល្អប្រសើរ ស្របពេលកម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំដោយសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ទំនាក់ទំនងការទូតនេះ បានជួយជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការដោះមីននៅកម្ពុជា ឱ្យមានការរីកចម្រើន ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិសុខជាសកល។

ឯកឧត្តមក៏បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយស្ថានទូតសហរដ្ឋអាមេរិក ដោយផ្តល់ទីតាំងផ្លូវថ្មើរជើងចតុមុខ សម្រាប់រៀបចំព្រឹត្តិការណ៍នេះ។ ទីតាំងនេះ ជាតំបន់ផ្សព្វផ្សាយពាណិជ្ជកម្មសំខាន់មួយ និងជាគោលដៅទេសចរណ៍ ដែលទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោកស្រី Aleksandra Zittle ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ឆ្នាំ២០២៦ គឺជាខួបអនុស្សាវរីយ៍លើកទី២៥០ នៃការកកើតសហរដ្ឋអាមេរិក ដែលជាសមិទ្ធផលដ៏សំខាន់ មិនត្រឹមតែសម្រាប់ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសអបអរសាទររួមជាមួយមិត្តភក្តិខ្មែរ ពេញមួយឆ្នាំនេះផងដែរ។

លោកស្រីបានបន្តថា វង់តន្ត្រី Pacific Brass ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាភាសាសកល ដែលមិនត្រូវការការបកប្រែ អាចឆ្លងកាត់ព្រំដែន ផ្សារភ្ជាប់វប្បធម៌ និងប៉ះពាល់ដោយផ្ទាល់ដល់បេះដូងមនុស្សគ្រប់រូប។ នៅរាត្រីនេះ តន្ត្រីបាននាំមនុស្សគ្រប់គ្នាមកជួបជុំគ្នា លើវិថីថ្មើរជើងចតុមុខ ដើម្បីអបអរសាទរខួបកំណើតលើកទី២៥០ របស់សហរដ្ឋអាមេរិក។

លោកស្រីបានបញ្ជាក់ថា វង់តន្ត្រី Pacific Brass បានចំណាយពេលមួយសប្តាហ៍ដ៏អស្ចារ្យ និងគួរឱ្យចងចាំនៅកម្ពុជា ហើយគំនិតផ្តួចផ្តើមកម្មវិធីនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង និងចំណងមិត្តភាពដ៏រឹងមាំ រវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកស្រីបានអំពាវនាវឱ្យរួមគ្នាអបអរសាទរ មិនត្រឹមតែខួបប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏អបអរសាទរចំណងមិត្តភាព ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងយូរអង្វែង និងចក្ខុវិស័យរួម សម្រាប់អនាគតប្រកបដោយសន្តិភាព និងវិបុលភាព៕