(ក្រចេះ)៖ បន្ទាប់ពីសម្រាកប្រមាណជា៣សប្តាហ៍ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពតាមបណ្តាខេត្តនានាទៀតហើយ។
នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ ដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១៨រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាន មានផ្ទៃដីសរុប ១១.០៩៤គីឡូម៉ែត្រការេ មានចម្ងាយពីរាជធានីភ្នំពេញ ៣៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៧ កាត់តាមស្រុកស្នួល ចម្ងាយ ២៥០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៧៣ កាត់តាមស្រុកឆ្លូង និងចម្ងាយ ២២០គីឡូម៉ែត្រ តាមផ្លូវទឹកទន្លេមេគង្គ។
ខេត្តក្រចេះមាន ព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគីរី និងប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។
ខេត្តក្រចេះ មានទន្លេមេគង្គហូរកាត់ប្រវែង ១៤០គីឡូម៉ែត្រ កាត់តាមស្រុកចំនួន៥ និងក្រុងចំនួន១ ដោយពុះចែកខេត្តជាពីរ ហើយមានអំណោយផលបម្រើដល់មនុស្ស សត្វ និងសណ្ឋានដីជាតំបន់ខ្ពង់រាប ដីមានជីវជាតិល្អ។ ជាពិសេសការដាំដុះដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងមានតំបន់ធម្មជាតិបង្កើតបានជារមណីយដ្ឋានទេសចរណ៍ ព្រមទាំងធនធានរ៉ែសំខាន់ៗ ដូចជា៖រ៉ែមាស ថ្មអារ ថ្មក្រានីត ថ្មកំបោរ ថ្ម សំណង់ និងក្រួស-ខ្សាច់។ល។
+ សមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍក្នុងខេត្ត
– វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ ក្រោមម្លប់សុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខេត្តក្រចេះទទួលបានសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ។ ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ តភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ហើយបានបើកដំណើរឱ្យឆ្លងកាត់ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ចំពោះផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ ក្នុងនោះមានមហាវិថី សម្តេចតេជោ ហ៊ុន សែន ពីរង្វង់មូលព្រាបស ឆ្ពោះទៅរង្វង់មូលខ្លាស្ទុះ មានប្រវែង ៥,៥៤គីឡូម៉ែត្រ ជាផ្លូវភ្លោះដែលម្ខាងៗមាន ៣គន្លង និងមានសួនច្បារពុះទ្រូងផ្លូវប្រវែង ៤,៨៧៥គីឡូម៉ែត្រ មានទទឹង ៤ម៉ែត្រ។
បានជួសជុល ពង្រីក និងលើកកម្រិតស្ថានភាពផ្លូវកៅស៊ូ DBST ទៅជាផ្លូវកៅស៊ូAC មាន ចំនួន ៣ខ្សែ សរុបប្រវែង ១៤១,១គីឡូម៉ែត្រ សម្រេចរួចរាល់ជាស្ថាពរ រួមមាន៖ ផ្លូវជាតិលេខ៧ពីពំប្រទល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់រង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះប្រវែង ៩២គីឡូម៉ែត្រ, ផ្លូវជាតិលេខ ៣៧៧ ក្រចេះ-សំបូរប្រវែង ៣៥,៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៣៧៧A សណ្ដាន់ ឆ្ពោះទៅផ្លូវជាតិលេខ៧ ប្រវែង ១៣,៦គីឡូម៉ែត្រ។
បានសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេក្នុងទីរួមខេត្តការពារការបាក់ស្រុតដីចូល ទន្លេប្រវែង ២.៥៩៦ម៉ែត្រ និងក្រាលថ្មម៉ាបសួនច្បារតាមមាត់ទន្លេទីរួមខេត្តទំហំ ២១.៥២៦ម៉ែត្រការ៉េ។
– វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស៖ នៅទូទាំងខេត្តក្រចេះ មានមត្តេយ្យសិក្សាគ្រប់ប្រភេទចំនួន ២៧០កន្លែង, បឋមសិក្សាសរុប ២៩០កន្លែង,អនុវិទ្យាល័យចំនួន ៤១កន្លែង,និងវិទ្យាល័យចំនួន ១៥ កន្លែង សរុបសំណង់អគារសិក្សាទូទាំងខេត្តមានចំនួន ៧៣៨អគារ ស្មើនឹង ២.៩៣៩បន្ទប់ ក្នុងនោះ អគារសិក្សាអំណោយរបស់ សម្តេចតេជោ មានចំនួន ១០៤អគារ ស្មើនឹង ៦២៧បន្ទប់ ខេត្តមានសាកលវិទ្យាល័យរដ្ឋចំនួន ១កន្លែង, សាកលវិទ្យាល័យ និងវិទ្យាស្ថានឯកជនសរុបចំនួន ២កន្លែង, វិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោសែនឦសានចំនួន ១កន្លែង, សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តចំនួន ១កន្លែង, និងមានមជ្ឈមណ្ឌលបណ្ដុះបណ្តាលអភិវឌ្ឍន៍ស្ត្រីចំនួន ១កន្លែង។
– វិស័យសុខាភិបាល៖ ខេត្តមានមន្ទីរពេទ្យបង្អែក ៥កន្លែង មណ្ឌលសុខភាព ៤២កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១៣កន្លែង។ ក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលមានចំនួន ២១៨.០៩១ករណី និងអ្នកជំងឺសម្រាកព្យាបាលសរុប ៣៨.៦២៣ករណី។
ដោយឡែកមូលដ្ឋានសុខាភិបាលឯកជន មានមន្ទីរសម្រាកព្យាបាល ៤កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺ ៧៥បន្ទប់ បន្ទប់ថែទាំជំងឺ ២២៤បន្ទប់ បន្ទប់ថែទាំស្រ្តីមានផ្ទៃពោះ ៤៥បន្ទប់ ឱសថស្ថាន ៥៩កន្លែង។
– វិស័យកសិកម្ម៖ ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តក្រចេះ សម្រេចបានការដាំដុះដំណាំស្រូវសរុប ៧៨.១៣៧ហិកតា, ទទួល បានបរិមាណផលសរុប ២៤៩.៣២៦តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ១១៦.២១៤តោន។
កសិ-ឧស្សាហកម្ម ខេត្តមានក្រុមហ៊ុនវិនិយោគសរុប ៤៨ក្រុមហ៊ុន សម្រេចបានការ ដាំដុះរួមជាមួយនឹងប្រជាពលរដ្ឋរួមមាន៖ ដំណាំកៅស៊ូ ១០៨.៨០០ ហិកតា, ស្វាយចន្ទី ១១១.៥២២ហិកតា, ដំឡូងមី ៧៧.៥១៤ហិកតា, ចេកអំបូងលឿងក្រុមហ៊ុន ៣.៣០៩ហិកតា, អំពៅក្រុមហ៊ុន ៦.៧០០ហិកតា, ឈើដាំប្រេងខ្យល់ក្រុមហ៊ុន ១៣.០០០ហិកតា,ស្វាយកែវរមៀតប្រជាពលរដ្ឋ ៦.១១៨ហិកតា,ម្រេចប្រជា ពលរដ្ឋ ២៩៤ហិកតា, និងទុរេនប្រជាពលរដ្ឋ ២៩៨ហិកតា។
ក្រុមហ៊ុនចិញ្ចឹមសត្វគោមានចំនួន ១ក្រុមហ៊ុន និងចិញ្ចឹមជាកសិដ្ឋានចំនួន ៤កន្លែង មានគោសរុប ៦៦.៣៩៥ក្បាល។
រោងចក្រ សហគ្រាសចំនួន ១១កន្លែង ក្នុងនោះរោងចក្រកែច្នៃស្ករអំពៅ ១កន្លែង, រោងចក្រកែច្នៃដំឡូងមី ១កន្លែង, សហគ្រាសកែច្នៃជ័រ កៅស៊ូ ៤កន្លែង, សហគ្រាសវេចខ្ចប់ចេកអំបូងលឿង ៣កន្លែង, និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ២កន្លែង។
ខេត្តក្រចេះ មានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែង នៅស្រុកស្នួល មានផ្ទៃដីចំនួន ៨១៨ហិកតា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ក្រុមហ៊ុន កំពុងវិនិយោគ និងបានសាងសង់រោងចក្រ។
ក្រុមហ៊ុនកំពុងដំណើរ ការផលិតចំនួន ៤ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនផលិតសំបកកង់រថយន្ត និងផលិតផលកៅស៊ូ ២ក្រុមហ៊ុន (កៅស៊ូសម្រាប់បម្រើឱ្យការផលិត ទិញនៅក្នុងស្រុក ២.២៣២តោន ស្មើនឹងទឹកប្រាក់ ៣.៨៨៩.៦៨៥ ដុល្លាអាមេរិក និងកៅស៊ូនាំចូលពីក្រៅប្រទេស ២.១២៦តោន ស្មើនឹងទឹកប្រាក់ ៣.២៦៣.២៣៧ដុល្លាអា មេរិក សម្រេចបានការនាំចេញសំបកកង់រថយន្តក្នុងឆ្នាំ២០២៥ ចំនួន ១.៨៣០.៤៣៦គ្រាប់ គិតជាថវិកា ៩២.៦៧៤.៩៩៥ដុល្លាអាមេរិក), ក្រុមហ៊ុនផលិតចំហាយទឹក និងខ្យល់ក្តៅ ១ក្រុមហ៊ុន ក្រុមហ៊ុនផលិតពុម្ពសំបកកង់រថយន្ត ១ក្រុមហ៊ុន និងមានក្រុមហ៊ុន ២ផ្សេងទៀត កំពុងសាងសង់រោងចក្រគ្រោងនឹងផលិត សំបកកង់រថយន្ត និងពោះវៀនកង់ និងក្រុមហ៊ុនផ្ដុំ និងដំឡើងបន្ទះសូឡា។
– វិស័យរ៉ែ៖ ក្រុមហ៊ុន សហគ្រាសធ្វើអាជីវកម្មរ៉ែមាស រ៉ែថ្មក្រានីត គ្រួស ខ្សាច់ ថ្មកំបោរផលិតស៊ីម៉ងត៍ និងថ្មសំណង់សរុប ៦០ក្រុមហ៊ុន/សហគ្រាស កំពុងដំណើរការអាជីវកម្ម បច្ចុប្បន្នមានក្រុមហ៊ុនរ៉ែមាសចំនួន ១ក្រុមហ៊ុន សម្រេចការចម្រាញ់មាសសុទ្ធសរុប ៥២៦,៧០គីឡូក្រាម។
– ថាមពលអគ្គិសនី៖ ខេត្តក្រចេះ មានបណ្តាញភ្លើងប្រើប្រាស់លើភូមិរដ្ឋបាលចំនួន ៣០០ភូមិ ស្មើនឹង ៩១,៧៤ភាគរយ នៃភូមិសរុប ៣២៧ភូមិ។
– វិស័យទេសចរណ៍៖ ខេត្តក្រចេះ មានរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងសហគមន៍ទេសចរណ៍សរុបចំនួន ២៥កន្លែង និងមានសត្វផ្សោតទឹកសាបទន្លេមេគង្គរស់នៅប្រមាណ ១១៧ក្បាល។
– វិស័យការងារ៖ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសរុប ២៥៣កន្លែង ជារួមនៅក្នុងខេត្តមានបុគ្គលិក កម្មករនិយោជិតបម្រើការងារនៅរោងចក្រ សហគ្រាស សិប្បកម្ម និងគ្រឹះស្ថានសរុប ២៧.៥២៨នាក់ សី ១០.១៦៧នាក់ ក្នុងនោះជនបរទេស ២.៣៦៧នាក់ ស្រី ៣៥០នាក់។
ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន បានទទួលសំណើសុំវិនិយោគពីក្រុមហ៊ុនចំនួន ១៧ក្រុមហ៊ុន មានចំនួន ១៧គម្រោង មានទុនវិនិយោគសរុបចំនួន ១.០៧១លានដុល្ល (មួយពាន់ ចិតសិបមួយលានដុល្លា) វិនិយោគលើវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម,រោងចក្រផលិតស៊ីម៉ងត៍, កំពង់ផែពហុបំណង,សុខាភិបាល,ទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ការងារអតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តសរុប ២.៨២០នាក់ ដែលត្រូវបានយកចិត្តទុកដាក់ គាំពារជាប្រចាំ និងសម្រេចបានការសាងសង់អគារទីស្នាក់ការសមាគមចំនួន ១កន្លែង នៅក្រុងក្រចេះ។ ផ្តល់ដី ជូនអតីតយុទ្ធជន និងនិវត្តន៍ជនបានចំនួន ៦៦៣,៥៦ហិកតា ដីលំនៅឋាន ៤៦,៥៦ហិកាតា និងដីកសិកម្ម ៦១៧ហិកតា ជួយសាងសង់ផ្ទះបានចំនួន ៣៨៨ខ្នងផ្ទះ ផ្ទះថ្ម ១០០ខ្នងផ្ទះ និងផ្ទះរៀបគ្រោងដែកបំពាក់ ស្មាតបត ៧៨ខ្នងផ្ទះ។
ការងារវាស់វែង និងចុះបញ្ជីដីធ្លី ប្រកាសតំបន់វិនិច្ឆ័យចំនួន ២៨៧ភូមិ ស្មើនឹង ៤៧ឃុំ សង្កាត់ នៃក្រុង ស្រុកទាំង ៧ក្នុងខេត្ត បានចំនួន ២២៩.១៦៤ក្បាលដី ស្មើនឹង ១១១.៥៨២គ្រួសារ បានចេញបណ្ណកម្មសិទ្ធិរួចចំនួន ១១០.៧៩០ក្បាលដី ស្មើនឹង ៨៨.៣៦៧គ្រួសារ ក្នុងនោះអនុវត្តតាមបទ បញ្ញាលេខ០១បប ចំនួន ៣៩.៣០៤ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី(ចុះបញ្ជីដីជាប្រព័ន្ធ) ចំនួន ៧១.៤៨៦ក្បាលដី។
ផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥.៨៦០គ្រួសារ ក្នុងនោះ អនុវត្តដោយគម្រោងឡាសិត I-II-III ចំនួន ២.៤៣៩គ្រួសារ និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគ តិចចំនួន ៧សហគមន៍ មានចំនួន ៣២៣បណ្ណ ទំហំផ្ទៃដី ៧.០៩៧ហិកតា ស្មើនឹង ១.៤៧១គ្រួសារ៕










































