សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តក្រចេះ


(ក្រចេះ)៖ បន្ទាប់ពីសម្រាកប្រមាណជា៣សប្តាហ៍ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ​បាន​បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹក​នាំ​មន្ទីរ អង្គ​ភាពតាមបណ្តាខេត្តនានាទៀតហើយ។

នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួប​​សំណេះ​​សំណាល​ជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ​ភាពនានា​ជុំវិញ​ខេត្តក្រចេះ ដែលជាខេត្តភាគ​ឦ​សាននៃប្រទេសកម្ពុជា។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុ​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រម​ទាំង​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជ​ធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅ​កាន់​មូល​ដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ​២០​២៦។ រាជធានី ខេត្តចំនួន១៨រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញជួប​សំណេះ​សំណាល​រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជ​ធានី​ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប​ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន។

កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុក​ដាក់​ទៅលើ​កិច្ច​ការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់​ប្រជាពលរដ្ឋ ក៏ដូច​ជា​ការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជា​ពល​​រដ្ឋ។

ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើក​ឡើង​ពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធន​ធាន​ធម្ម​ជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។

យោងតាម Fresh AI បានឱ្យដឹងថា ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាន មានផ្ទៃ​ដី​សរុប ១១.០៩៤គីឡូម៉ែត្រការេ មានចម្ងាយពីរាជធានីភ្នំពេញ ៣៤០គីឡូម៉ែត្រ តាមផ្លូវជាតិ​លេខ​​៧ កាត់តាមស្រុកស្នួល ចម្ងាយ ២៥០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៧៣ កាត់តាមស្រុក​ឆ្លូង និងចម្ងាយ ២២០គីឡូម៉ែត្រ តាមផ្លូវទឹកទន្លេមេគង្គ។

ខេត្តក្រចេះមាន ព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើត​ជាប់​ខេត្តមណ្ឌលគីរី និងប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

ខេត្តក្រចេះ មានទន្លេមេគង្គហូរកាត់ប្រវែង ១៤០គីឡូម៉ែត្រ កាត់តាមស្រុកចំនួន៥ និងក្រុង​ចំនួន១ ដោយពុះចែកខេត្តជាពីរ ហើយមានអំណោយផលបម្រើដល់មនុស្ស សត្វ និងសណ្ឋាន​ដីជាតំបន់ខ្ពង់រាប ដីមានជីវជាតិល្អ។ ជាពិសេសការដាំដុះដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និង​មានតំបន់ធម្មជាតិបង្កើតបានជារមណីយដ្ឋានទេសចរណ៍ ព្រមទាំងធនធានរ៉ែសំខាន់ៗ ដូច​ជា​៖រ៉ែមាស ថ្មអារ ថ្មក្រានីត ថ្មកំបោរ ថ្ម សំណង់ និងក្រួស-ខ្សាច់។ល។

+ សមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍក្នុងខេត្ត

– វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ ក្រោមម្លប់សុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋា​ភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខេត្តក្រចេះទទួលបានសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន រួមមាន៖ ស្ពាន​​មិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកការដ្ឋានសាងសង់​កាល​ពីថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ។ ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ តភ្ជាប់ពី​ស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ហើយបានបើកដំណើរឱ្យឆ្លងកាត់ចាប់តាំងពីថ្ងៃទី១ ខែ​មេសា ឆ្នាំ២០២៦។ ចំពោះផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩គីឡូម៉ែត្រ ក្នុងនោះមានមហាវិថី សម្តេច​តេជោ ហ៊ុន សែន ពីរង្វង់មូលព្រាបស ឆ្ពោះទៅរង្វង់មូលខ្លាស្ទុះ មានប្រវែង ៥,៥៤គីឡូ​ម៉ែត្រ ជាផ្លូវភ្លោះដែលម្ខាងៗមាន ៣គន្លង និងមានសួនច្បារពុះទ្រូងផ្លូវប្រវែង ៤,៨៧៥គីឡូ​ម៉ែត្រ មានទទឹង ៤ម៉ែត្រ។

បានជួសជុល ពង្រីក និងលើកកម្រិតស្ថានភាពផ្លូវកៅស៊ូ DBST ទៅជាផ្លូវកៅស៊ូAC មាន ចំនួន ៣ខ្សែ សរុបប្រវែង ១៤១,១គីឡូម៉ែត្រ សម្រេចរួចរាល់ជាស្ថាពរ រួមមាន៖ ផ្លូវជាតិលេខ៧​ពី​ពំប្រទល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់រង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះប្រវែង ៩២គីឡូ​ម៉ែត្រ, ផ្លូវជាតិលេខ ៣៧៧ ក្រចេះ-សំបូរប្រវែង ៣៥,៥គីឡូម៉ែត្រ និងផ្លូវជាតិលេខ៣៧៧A សណ្ដាន់ ឆ្ពោះទៅផ្លូវជាតិលេខ៧ ប្រវែង ១៣,៦គីឡូម៉ែត្រ។

បានសាងសង់សំណង់ជញ្ជាំងច្រាំងទន្លេក្នុងទីរួមខេត្តការពារការបាក់ស្រុតដីចូល ទន្លេប្រវែង ២.៥៩៦ម៉ែត្រ និងក្រាលថ្មម៉ាបសួនច្បារតាមមាត់ទន្លេទីរួមខេត្តទំហំ ២១.៥២៦ម៉ែត្រការ៉េ។

– វិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស៖ នៅទូទាំងខេត្តក្រចេះ មានមត្តេយ្យ​សិក្សា​គ្រប់ប្រភេទចំនួន ២៧០កន្លែង, បឋមសិក្សាសរុប ២៩០កន្លែង,អនុវិទ្យាល័យចំនួន ៤១កន្លែង,និងវិទ្យាល័យចំនួន ១៥ កន្លែង សរុបសំណង់អគារសិក្សាទូទាំងខេត្តមានចំនួន ៧៣៨អគារ ស្មើនឹង ២.៩៣៩បន្ទប់ ក្នុងនោះ អគារសិក្សាអំណោយរបស់ សម្តេចតេជោ មានចំនួន ១០៤​អគារ ស្មើនឹង ៦២៧បន្ទប់ ខេត្តមានសាកលវិទ្យាល័យរដ្ឋចំនួន ១កន្លែង, សាកលវិទ្យាល័យ និង​វិទ្យាស្ថានឯកជនសរុបចំនួន ២កន្លែង, វិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគតេជោ​សែនឦសាន​ចំនួន ១កន្លែង, សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តចំនួន ១កន្លែង, និងមានមជ្ឈមណ្ឌល​បណ្ដុះ​បណ្តាលអភិវឌ្ឍន៍ស្ត្រីចំនួន ១កន្លែង។

– វិស័យសុខាភិបាល៖ ខេត្តមានមន្ទីរពេទ្យបង្អែក ៥កន្លែង មណ្ឌលសុខភាព ៤២កន្លែង និង​ប៉ុស្តិ៍សុខភាពចំនួន ១៣កន្លែង។ ក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាល​មាន​ចំនួន ២១៨.០៩១ករណី និងអ្នកជំងឺសម្រាកព្យាបាលសរុប ៣៨.៦២៣ករណី។

ដោយឡែកមូលដ្ឋានសុខាភិបាលឯកជន មានមន្ទីរសម្រាកព្យាបាល ៤កន្លែង បន្ទប់ពិគ្រោះព្យា​បាល​ជំងឺ ៧៥បន្ទប់ បន្ទប់ថែទាំជំងឺ ២២៤បន្ទប់ បន្ទប់ថែទាំស្រ្តីមានផ្ទៃពោះ ៤៥បន្ទប់ ឱសថ​ស្ថាន ៥៩កន្លែង។

– វិស័យកសិកម្ម៖ ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តក្រចេះ សម្រេចបានការដាំដុះដំណាំស្រូវសរុប ៧៨.១៣៧ហិកតា, ទទួល បានបរិមាណផលសរុប ២៤៩.៣២៦តោន ផ្គត់ផ្គង់តម្រូវការគ្រប់​គ្រាន់​ក្នុងខេត្ត និងសល់ស្រូវនាំចេញចំនួន ១១៦.២១៤តោន។

កសិ-ឧស្សាហកម្ម ខេត្តមានក្រុមហ៊ុនវិនិយោគសរុប ៤៨ក្រុមហ៊ុន សម្រេចបានការ ដាំដុះរួមជា​មួយ​នឹងប្រជាពលរដ្ឋរួមមាន៖ ដំណាំកៅស៊ូ ១០៨.៨០០ ហិកតា, ស្វាយចន្ទី ១១១.៥២២ហិក​តា, ដំឡូងមី ៧៧.៥១៤ហិកតា, ចេកអំបូងលឿងក្រុមហ៊ុន ៣.៣០៩ហិកតា, អំពៅក្រុមហ៊ុន ៦.៧០០ហិកតា, ឈើដាំប្រេងខ្យល់ក្រុមហ៊ុន ១៣.០០០ហិកតា,ស្វាយកែវរមៀតប្រជាពលរដ្ឋ ៦.១១៨ហិកតា,ម្រេចប្រជា ពលរដ្ឋ ២៩៤ហិកតា, និងទុរេនប្រជាពលរដ្ឋ ២៩៨ហិកតា។

ក្រុមហ៊ុនចិញ្ចឹមសត្វគោមានចំនួន ១ក្រុមហ៊ុន និងចិញ្ចឹមជាកសិដ្ឋានចំនួន ៤កន្លែង មានគោស​រុប ៦៦.៣៩៥ក្បាល។

រោងចក្រ សហគ្រាសចំនួន ១១កន្លែង ក្នុងនោះរោងចក្រកែច្នៃស្ករអំពៅ ១កន្លែង, រោងចក្រកែច្នៃ​ដំឡូង​មី ១កន្លែង, សហគ្រាសកែច្នៃជ័រ កៅស៊ូ ៤កន្លែង, សហគ្រាសវេចខ្ចប់ចេកអំបូងលឿង ៣​កន្លែង, និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ២កន្លែង។

ខេត្តក្រចេះ មានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែង នៅស្រុកស្នួល មានផ្ទៃដីចំនួន ៨១៨​ហិកតា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ក្រុមហ៊ុន កំពុងវិនិយោគ និងបានសាងសង់រោ​ង​ចក្រ។

ក្រុមហ៊ុនកំពុងដំណើរ ការផលិតចំនួន ៤ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនផលិតសំបកកង់រថយន្ត និងផលិតផលកៅស៊ូ ២ក្រុមហ៊ុន (កៅស៊ូសម្រាប់បម្រើឱ្យការផលិត ទិញនៅក្នុងស្រុក ២.២៣២​តោន ស្មើនឹងទឹកប្រាក់ ៣.៨៨៩.៦៨៥ ដុល្លាអាមេរិក និងកៅស៊ូនាំចូលពីក្រៅប្រទេស ២.១២៦តោន ស្មើនឹងទឹកប្រាក់ ៣.២៦៣.២៣៧ដុល្លាអា មេរិក សម្រេចបានការនាំចេញ​សំបក​កង់រថយន្តក្នុងឆ្នាំ២០២៥ ចំនួន ១.៨៣០.៤៣៦គ្រាប់ គិតជាថវិកា ៩២.៦៧៤.៩៩៥​ដុល្លាអាមេរិក), ក្រុមហ៊ុនផលិតចំហាយទឹក និងខ្យល់ក្តៅ ១ក្រុមហ៊ុន ក្រុមហ៊ុនផលិតពុម្ព​សំបក​កង់រថយន្ត ១ក្រុមហ៊ុន និងមានក្រុមហ៊ុន ២ផ្សេងទៀត កំពុងសាងសង់រោងចក្រគ្រោងនឹង​ផលិត សំបកកង់រថយន្ត និងពោះវៀនកង់ និងក្រុមហ៊ុនផ្ដុំ និងដំឡើងបន្ទះសូឡា។

– វិស័យរ៉ែ៖ ក្រុមហ៊ុន សហគ្រាសធ្វើអាជីវកម្មរ៉ែមាស រ៉ែថ្មក្រានីត គ្រួស ខ្សាច់ ថ្មកំបោរផលិត​ស៊ី​ម៉ងត៍ និងថ្មសំណង់សរុប ៦០ក្រុមហ៊ុន/សហគ្រាស កំពុងដំណើរការអាជីវកម្ម បច្ចុប្បន្នមាន​ក្រុម​ហ៊ុនរ៉ែមាសចំនួន ១ក្រុមហ៊ុន សម្រេចការចម្រាញ់មាសសុទ្ធសរុប ៥២៦,៧០គីឡូក្រាម។

– ថាមពលអគ្គិសនី៖ ខេត្តក្រចេះ មានបណ្តាញភ្លើងប្រើប្រាស់លើភូមិរដ្ឋបាលចំនួន ៣០០ភូមិ ស្មើនឹង ៩១,៧៤ភាគរយ នៃភូមិសរុប ៣២៧ភូមិ។

– វិស័យទេសចរណ៍៖ ខេត្តក្រចេះ មានរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងសហគមន៍​ទេស​ចរណ៍​សរុបចំនួន ២៥កន្លែង និងមានសត្វផ្សោតទឹកសាបទន្លេមេគង្គរស់នៅប្រមាណ ១១៧​ក្បាល។

– វិស័យការងារ៖ សហគ្រាស សិប្បកម្ម គ្រឹះស្ថានសរុប ២៥៣កន្លែង ជារួមនៅក្នុងខេត្តមាន​បុគ្គ​លិក កម្មករនិយោជិតបម្រើការងារនៅរោងចក្រ សហគ្រាស សិប្បកម្ម និងគ្រឹះស្ថានសរុប ២៧.៥២៨នាក់ សី ១០.១៦៧នាក់ ក្នុងនោះជនបរទេស ២.៣៦៧នាក់ ស្រី ៣៥០នាក់។

ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន បានទទួលសំណើសុំវិនិយោគពី​ក្រុមហ៊ុនចំនួន ១៧ក្រុមហ៊ុន មានចំនួន ១៧គម្រោង មានទុនវិនិយោគសរុបចំនួន ១.០៧១​លាន​ដុល្ល (មួយពាន់ ចិតសិបមួយលានដុល្លា) វិនិយោគលើវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម,រោងចក្រផលិតស៊ីម៉ងត៍, កំពង់ផែពហុបំណង,សុខាភិបាល,ទេសចរណ៍ និងការបណ្តុះ​បណ្តាល​ធនធានមនុស្ស។

ការងារអតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តសរុប ២.៨២០នាក់ ដែលត្រូវបានយកចិត្ត​ទុក​ដាក់ គាំពារជាប្រចាំ និងសម្រេចបានការសាងសង់អគារទីស្នាក់ការសមាគមចំនួន ១កន្លែង នៅ​ក្រុងក្រចេះ។ ផ្តល់ដី ជូនអតីតយុទ្ធជន និងនិវត្តន៍ជនបានចំនួន ៦៦៣,៥៦ហិកតា ដីលំនៅ​ឋាន ៤៦,៥៦ហិកាតា និងដីកសិកម្ម ៦១៧ហិកតា ជួយសាងសង់ផ្ទះបានចំនួន ៣៨៨ខ្នងផ្ទះ ផ្ទះថ្ម ១០០ខ្នងផ្ទះ និងផ្ទះរៀបគ្រោងដែកបំពាក់ ស្មាតបត ៧៨ខ្នងផ្ទះ។

ការងារវាស់វែង និងចុះបញ្ជីដីធ្លី ប្រកាសតំបន់វិនិច្ឆ័យចំនួន ២៨៧ភូមិ ស្មើនឹង ៤៧ឃុំ សង្កាត់ នៃក្រុង ស្រុកទាំង ៧ក្នុងខេត្ត បានចំនួន ២២៩.១៦៤ក្បាលដី ស្មើនឹង ១១១.៥៨២គ្រួសារ បានចេញបណ្ណកម្មសិទ្ធិរួចចំនួន ១១០.៧៩០ក្បាលដី ស្មើនឹង ៨៨.៣៦៧គ្រួសារ ក្នុងនោះ​អនុ​វត្ត​តាមបទ បញ្ញាលេខ០១បប ចំនួន ៣៩.៣០៤ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី(ចុះបញ្ជីដីជាប្រព័ន្ធ) ចំនួន ៧១.៤៨៦ក្បាលដី។

ផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥.៨៦០គ្រួសារ ក្នុងនោះ អនុវត្តដោយ​គម្រោង​ឡាសិត I-II-III ចំនួន ២.៤៣៩គ្រួសារ និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគ តិចចំនួន ៧សហគមន៍ មានចំនួន ៣២៣បណ្ណ ទំហំផ្ទៃដី ៧.០៩៧ហិកតា ស្មើនឹង ១.៤៧១​គ្រួសារ៕