អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិសមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិនថ្ងៃចុងសប្តាហ៍


ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ​​សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈនិងឯកសណ្ឋានប្រជាការពារផងដែរ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ប្រជាការពារគឺមានភារកិច្ចការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅ ប្រកបដោយក្តីសុខសប្បាយរីករាយគ្មានប៉ះពាល់ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាតនូវរាល់បទល្មើសផ្សេងៗមានដូចជា៖ អំពើចោរកម្មក្មេងទំនើងការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើងអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ចនគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុក ដាក់ជាប្រចាំ ដើម្បីធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មាន សុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ មេភូមិ អនុភូមិសមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំង កាយ កម្លាំងចិត្ត និងប្រាជ្ញា ស្មារតី ចូលរួម សហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិឃុំរបស់យើងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងប្រកបដោយសុវត្ថិភាព ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមានសង្គ្រាមឈ្លានពានពីប្រទេសថៃ គឺបងប្អូន យើងបានចូលរួម សហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខ ក្នុងការការពារសន្តិសុខសុវត្ថិភាពជូនជាតិ និងប្រជាជននៅតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕