សម្តេចភក្តី សាយ ឈុំ អញ្ជើញប្រារព្ធពិធីព្រលែងកូនត្រី ក្នុងអូរធម្មជាតិ នៅភូមិដំណាក់កកោះ


ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៦ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងាររាជធានីភ្នំពេញ ក្រុមចលនានារីខេត្តកំពង់ស្ពឺ ក្រុមការងារនៃរដ្ឋាបាលជលផលក្រសួងកសិកម្ម បានអញ្ជើញប្រារព្ធពិធីព្រលែងត្រី និងកូនត្រី ក្នុងអូរធម្មជាតិ ស្ថិតនៅភូមិដំណាក់កកោះ ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ត្រី និងកូនត្រីចម្រុះ ដែលបានព្រលែង នាឱកាសនោះរួមមាន ៖
– ត្រីធំប្រភេទ: ត្រីគ្រុំ, ត្រីកាហែ, ត្រីត្រចៀកដំរី និងត្រីគល់រាំង សរុប៩៣ក្បាល។
– កូនត្រីចម្រុះប្រភេទ: កូនត្រីប្រា,ត្រីពោ,ត្រីឆ្ពិន,ត្រីក្រាញ់, ត្រីទីឡាព្យ៉ា(ក្រហម-ខ្មៅ),ត្រីអណ្តែងទន់, ត្រីកាប(៣ប្រភេទ), ត្រីសុងហុឺ ។ល។ សរុបចំនួនប្រមាណ ជាង150.000កូន។
– និងកូនកន្ធាចំនួន៣០០កូន ផងដែរ ៕