ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ជិះកង់ពីខេត្តកំពង់ធំឆ្ពោះទៅប្រាសាទសំបូរព្រៃគុក និងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡា មុនសម័យអង្គរ» ដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ និងជំរុញកំណើនភ្ញៀវទេសចរ ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។
នៅក្នុងព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងក្រសួង ស្ថាប័ន, សមាគមឧស្សាហកម្មទេសចរណ៍, ក្រុមហ៊ុនឧបត្ថម្ភ និងផ្នែកឯកជន, ប្អូនៗ ក្មួយៗ អ្នកផលិតមាតិកាព័ត៌មាន Influencers, KOLs ព្រមទាំងបងប្អូនកីឡាករ កីឡាការិនី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលសរុបអ្នកចូលរួមទាំងអស់ប្រមាណ ២.០០០នាក់ ក្នុងនោះអ្នកចូលរួមព្រឹត្តិការណ៍ជិះកង់ ចម្ងាយ ៣០គីឡូម៉ែត មានអ្នកចូលរួមប្រមាណ ១.០០០នាក់ ដែលមានកីឡាករបរទេស ចំនួន ៣សញ្ជាតិ (អាល្លឺម៉ង់, ទុយណេស៊ី, និងអាលហ្សេរី) និងព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ (៤២គ.ម., ២១ គ.ម., ៩ គ.ម.) អ្នកចូលរួមប្រមាណ ១.០០០នាក់ ដែលមានកីឡាករបរទេស ចំនួន ១៥ សញ្ជាតិ៖ អាម៉េរិក, ចិន, ជប៉ុន, បារាំង, កូរ៉េខាងត្បូង, រុស្សី, ញ៉ូហ្សេលែន, ហូឡង់, ឈីលី, ឥណ្ឌូនេស៊ី, វៀតណាម, ហ្វីលីពីន, ស្រីលង្កា, ម៉ីយ៉ាន់ម៉ា, អ៊ុយក្រែន។
ដោយមានអ្នកចូលរួមព្រឹត្តិការណ៍នាព្រឹកនេះ មានចំនួនច្រើនលើសការរំពឹងទុក ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានបញ្ជាក់ថា នេះគឺជាកម្លាំងរួបរួម និងការគាំទ្រចេញពីទឹកចិត្តក្នុងការស្រឡាញ់សម្បតិ្តបេតិកភណ្ឌវប្បធម៌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ ជាពិសេស ការចូលរួមលើកកម្ពស់ វិស័យទេសចរណ៍ ស្របតាមទស្សទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី» «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» ជាពិសេស លើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់នូវភាពកក់ក្ដៅ និង បដិសណ្ឋារកិច្ចល្អ» ដែលស្វាគមន៍ការមកកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និង ទេសចរអន្តរជាតិមកពីទូទាំងសកលលោក។
ជាមួយគ្នានេះ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្ត បងប្អូនទាំងអស់ ព្រមទាំងក្រុមគ្រួសារធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍ដ៏សម្បូរបែបនៅកម្ពុជា ជាពិសេសនៅរដូវកាលបៃតង (Green Season) ពីខែឧសភារហូតដល់ខែតុលា ដែលកម្ពុជាមានទេសភាពដ៏ស្រស់បំព្រងនៅរដូវកាលនេះ៕
















