(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នាពេលនេះ ក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់តម្លៃ និងការទទួលស្គាល់សិទ្ធិក៏ដូចជាសក្តានុពលរបស់បងប្អូនជនមានពិការភាពភ្នែក និងគថ្លង់នៅកម្ពុជា។
ឯកឧត្តមបានបន្ថែមថា គោលបំណងចម្បងនៃការប្រារព្ធទិវាជនមានពិការភាពភ្នែក និងគថ្លង់នេះឡើង គឺដើម្បីបំផុសការយល់ដឹងជាសាធារណៈ លុបបំបាត់រាល់ទម្រង់នៃការរើសអើង កាត់បន្ថយគំនិតអវិជ្ជមាន ទទួលស្គាល់សក្ដានុពល និងគុណតម្លៃរបស់ជនមានពិការភាព។ ទន្ទឹមនឹងនេះ ទិវានេះក៏ជាការអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកែសម្រួល និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីអប់រំពិសេស និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយបរិយាបន្ន ដូចជាការប្រើប្រាស់អក្សរប្រៃយ៍ខ្មែរ ភាសាសញ្ញា ការបំពាក់សម្លេង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទំនាក់ទំនង និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាពភ្នែក និងគថ្លង់ ព្រមទាំងបង្កើនកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារដល់ជនពិការភាពភ្នែក និងគថ្លង់។
ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី២ ទិវាជនមានពិការភាពភ្នែកនិងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦ក្រោមប្រធានបទ «រួមគ្នាទទួលស្គាល់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីលើកកម្ពស់ បរិយាបន្ន និងការចូលរួមពេញលេញក្នុងសង្គម» រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមបន្តថា យោងតាមរបាយការណ៍របស់ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញពីវឌ្ឍនភាពវិជ្ជមានលើវិស័យពិការភាពនៅកម្ពុជា ជាពិសេសជនមានពិការភាពគ-ថ្លង់ទទួលបានសិទ្ធិពេញលេញប្រកបដោយបរិយាបន្ន ក្រោមការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលលើវិស័យពិការភាព និងការចូលរួមពីក្រុមគ្រួសារ និងសហគមន៍ ដែលធ្វើឱ្យពួកគាត់រស់នៅ
ដោយគ្មានភាពឯកោនៅក្នុងសង្គម។
ឯកឧត្តមបន្តថា ថ្វីត្បិតយើងទទួលបានស៍មិទ្ធផលជាច្រើនលើវិស័យពិការភាព តែយើងក៏នៅប្រឈមនឹងបញ្ហាមួយចំនួន ដែលយើងត្រូវជម្នះដោះស្រាយរួមគ្នាផងដែរ។ ឆ្លើយតបនឹងបញ្ហាប្រឈម និងប្រធានបទនៃទិវាជនមានពិការភាពភ្នែក និងគថ្លង់អន្តរជាតិ ២៧មិថុនា ឆ្នាំ២០២៦នេះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
ទី១៖ ក្រសួងស្ថាប័នថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដគូអភិវឌ្ឍន៍ ត្រូវរួមគ្នារៀបចំកែសម្រួលផាសុកវត្ថុ និងផាសុកសមរម្យនៅតាមទីសាធារណៈ កន្លែងការងារសម្រាប់ជនមានពិការភាពភ្នែក និងគថ្លង់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការទំនាក់ទំនង
ទទួលបានដំណឹង និងព័ត៌មាននានា រួមមាន៖ ស្លាកសញ្ញា ផ្ទាំងផ្តល់ព័ត៌មាន អ្នកបកប្រែភាសាសញ្ញានៅតាមកម្មវិធីនានា ភាសាសញ្ញានិងអក្សររត់នៅតាមទូរទស្សន៍ បណ្ដាញសង្គមនានា និងបច្ចេកវិទ្យាឌីជីថល។
ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ត្រូវរួមគ្នារៀបចំ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា អគារការិយាល័យ ផ្លូវដើរសម្រាប់ជនមានពិការភាពភ្នែក និងមធ្យោបាយដឹកជញ្ជូន ឱ្យមានផាសុកវត្ថុ ផាសុកសមរម្យ និងសុវត្ថិភាពខ្ពស់សម្រាប់ជនមានពិការភាពភ្នែក និងគថ្លង់ ក្នុងការធ្វើដំណើរដោយឯករាជ្យ។
ទី៣៖ គ្រឹះស្ថានសិក្សារដ្ឋ ឯកជន និងអង្គការដៃគូ ត្រូវសហការគ្នារៀបចំកម្មវិធីសិក្សា និងបណ្ដុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ព្រមទាំងបង្កើនចំនួនគ្រូជំនាញភាសាសញ្ញា និងឧបករណ៍ជំនួយ ដើម្បីពង្រឹង និងពង្រីកវិសាលភាពការអប់រំដល់កុមារនិងយុវជនពិការភ្នែក និងគថ្លង់នៅទូទាំងប្រទេស។
ទី៤៖ ស្នើគ្រប់ស្ថាប័ន ពិសេសប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្តល់សេវាសាធារណៈ រួមគ្នាបង្កើនការផលិតឯកសារជាអក្សរប្រៃយ៍ខ្មែរ និងបញ្ចូលអ្នកបកប្រែភាសាសញ្ញាក្នុងគ្រប់កម្មវិធីព័ត៌មាន ឬព្រឹត្តិការណ៍សំខាន់ៗ ដើម្បីធានាថាជនមានពិការភាពភ្នែក និងគថ្លង់ មិនត្រូវបានកាត់ផ្តាច់ពីព័ត៌មាន និងកិច្ចសន្ទនានានាក្នុងសង្គម។
ទី៥៖ ស្នើឱ្យអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តសហការជិតស្និតជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរធនធាន ទាំងថវិកា និងសម្ភារឧបទេស ដូចជា ម៉ាស៊ីនវាយអក្សរប្រៃយ៍ខ្មែរឧបករណ៍ជំនួយការស្តាប់ ជាដើម ដើម្បីគាំទ្រដល់ជនមានពិការភាពភ្នែក និងគថ្លង់ក្រីក្រដែលកំពុងរស់នៅតាមតំបន់ដាច់ស្រយាល។
ទី៦៖ សូមបងប្អូន និងក្មួយៗ ដែលជនមានពិការភាពភ្នែក និងគថ្លង់ សូមកុំអស់សង្ឃឹម ឬបោះបង់ការខិតខំប្រឹងប្រែងរបស់ខ្លួន ត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីប្រែក្លាយពិការភាពរបស់ខ្លួនទៅទិវាជនមានពិការភាពភ្នែក និងគថ្លង់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៕



















