សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបី


នៅព្រឹកថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរីចំនួន ៧៨៥នាក់ជាបន្តទៀត ដែលពិធីនេះបានប្រារព្ធឡើងនៅក្រុងបានលុង ខេត្តរតនគិរី។

តាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តរតនគិរីសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។

សម្ដេចតេជោបានមានប្រសាសន៍ថា ខេត្តនៅតំបន់ភូមិភាគឦសាននេះ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ ដែលប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។

សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់ តាមរយៈការចុះសួរសុខទុក្ខ និងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោ។

ឆ្លៀតនាឱកាសនោះ សម្ដេចក៏បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់យុទ្ធជនពលី យុទ្ធជនពិការ និងក្រុមគ្រួសារ ដោយសម្ដេចបានបញ្ជាក់ថា ការគ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ ដោយត្រូវជំរុញកូនចៅរបស់ពួកគេឱ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្ត ដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិ។

សម្ដេចក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។ សម្ដេចតេជោក៏បានបន្តឱ្យអាជ្ញាធរខេត្តរតនគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ ដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំងបី នៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបី កាន់តែល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តរតនគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន៕