ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន វិស័យធម្មការនិងសាសនា នៅសាលផ្ការំដួល នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការខេត្ត គឺជាការជំរុញបន្ថែមទៀត នូវការសម្របសម្រួល និងការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមខេត្ត ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន រហូតដល់សព្វថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងវិស័យអម្មការនិងសាសនា ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ត្រូវតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធល្អប្រសើរ ដើម្បីរួមគ្នាជាធ្លុងមួយ ធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម។


